ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ទូរស័ព្ទជនជាតិចិនបានសម្រេច រត់មិនរួចត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទជនជាតិចិនបានសម្រេចរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង៨យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២១៤ ចំណុចមុខវត្តសំពៅមាស ក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ផែន អាយុ២៦ ឆ្នាំ មុខរបររត់ម៉ូតូកង់បីប្រចាំខារ៉ាអូខេនគរសំរិទ្ធិ ស្នាក់សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (អតីត សន្តិសុខនៅខារ៉ាអូខេនគរសំរិទ្ធិ) ។ ចំណែកជនរងគ្រោះជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណនោះទេ កំពុងសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសជនជាតិចិនម្នាក់ជិះម៉ូតូ zoomer-x​ មួយគ្រឿងមិនចាំស្លាកលេខតាមបណ្តោយផ្លូវ២១៤ ខណៈមកដល់ចំណុចកើតហេតុក៏មានជនសង្ស័យម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក​ ហុងដាវ៉េវ​ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-3103 មកពីក្រោយរួចធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចធ្វើឲ្យជនរងគ្រោះ​ ដួលរងរបួសធ្ងន់ត្រូវសមត្ថកិច្ចជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ចំណែកជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួនមកដល់ផ្លូវលេខ១៦១កែងនិងផ្លូវលេខ១៨២បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយស្ត្រីម្នាក់បណ្តាលដួលរួចរត់ចោលម៉ូតូមកដល់ចំណុចស្ពានអាកាសថ្មើរជើងចំណុចរង្វង់មូលនាងគង្ហីង​ ត្រូវបានប្រជាពរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ។ ​

បន្ទាប់ពីកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចបានបញ្ជូនមកសួរនាំនៅប៉ុស្តិ៍នគរបាករដ្ឋបាលបឹងប្រលិត ធ្វើកំណត់ហេតុរួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖