ព័ត៌មានទាន់ហេតុការណ៍៖

ឈើប្រណីតជាង២៥០ម៉ែត្រត្រីគុណ នៅសណ្ឋាគារអង្គរអេរ៉ាមាន ត្រូវបានរឹបអូសជាសម្បត្តិរដ្ន និងតម្រូវឲ្យម្ចាស់ឈើនេះ បង់ពិន័យតាមច្បាប់ស្តីពីព្រៃឈើ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រោយកម្លាំងចម្រុះចុះឆែកឆេរឃ្លាំងស្តុបឈើប្រណីតនៅក្នុងសណ្ឋាគារអង្គរអេរ៉ា រួចមក អាជ្ញាធរខេត្តសៀមរាបានសម្រេចរឹបអូសឈើប្រភេទលេខ១ ប្រមាណជាង២៥០ម៉ែត្រត្រីគុណ ពីលោកស្រី គី ឈុនឡេង ម្ចាស់សណ្ឋាគារអង្គរ អេរ៉ា មករក្សាទុកជាសម្បត្តិរដ្ឋ និងតម្រូវឲ្យម្ចាស់ឈើនេះបង់ពិន័យតាមច្បាប់ស្តីពីព្រៃឈើ ដោយមិនមានការឃាត់ខ្លួននោះទេ។ ទីតាំងស្តុកឈើមួយនេះ ស្ថិតនៅក្នុងក្នុងបរិវេណសណ្ឋាគារអង្គរអេរ៉ា ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្របតាមបណ្តោយផ្លូវជាតិលេខ៦ ។

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និង នេសាទខេត្តសៀមរាប បានថ្លែងក្នុងសន្និសីទកាសែត កាលពីព្រលប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ថា បន្ទាប់ចាប់ផ្តើមបើកប្រតិបត្តិការរបស់ខ្លួន កាលល្ងាចថ្ងៃទី២ មកដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ , កម្លាំងចម្រុះរបស់អាជ្ញាធរខេត្តសៀមរាប រួមមានរដ្ឋបាលព្រៃឈើ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថ និងតំណាងស្ថាប័នអយ្យការ បានសម្រេចរឹបអូសឈើចំនួន២៥១ម៉ែត្រត្រីគុណ ក្នុងចំណោមឈើជាង៥០០ម៉ែត្រត្រីគុណមករក្សាទុកជាសម្បត្តិរដ្ឋ ។

លោកបញ្ជាក់ថា ក្រៅពីរឹបអូសឈើ អាជ្ញាធរក៏បានតម្រូវឲ្យម្ចាស់ឈើបង់ពិន័យជាប្រាក់គុណនឹងបីនៃតម្លៃឈើដែលរឹបអូសនេះ ។ ក្នុងករណីម្ចាស់ឈើមិនព្រមបង់ សមត្ថកិច្ចរដ្ឋបាលព្រៃឈើនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម បានទម្លាយឲ្យដឹងថា ឃ្លាំងស្តុកឈើមួយកន្លែងនេះ បានដំណើរការអស់រយៈពេលជាយូរឆ្នាំមក ហើយកន្លងមកសមត្ថកិច្ច ក៏ធ្លាប់រឹបអូសឈើ និងពិន័យដូចគ្នាក្នុងករណីលើកនេះដែរ តែតាមការអង្កេតស្រាវជ្រាវកន្លងមក ទីតាំងស្តុកឈើនេះ គឺសម្រាប់ប្រើប្រាស់កសាងសណ្ឋាគារតែប៉ុណ្ណោះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖