ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះបន្ទាប់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦ព្រឹក នៅតាមបណ្តោយផ្លូវ វត្តបូព៌ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើកក្រុង- ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការ មានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាសាទបាគង្គ សហការជាមួយការិយាល័យអន្តរាគមន៍ បានដេញចាប់ ជនសង្ស័យម្នាក់ឈ្មោះ រស់ សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ ពាក់ព័ន្ធករណី អំពើលួច ខណៈជនសង្ស័យបានជិះម៉ូតូឆក់កាបូបជនរងគ្រោះជាភ្ញៀវទេសចរណ៍ជនជាតិចិន ឈ្មោះ Solaish an staikayi ភេទស្រី អាយុ២០ ឆ្នាំ ជនរងគ្រោះបានបាត់ទូរស័ព្ទដៃ Sumsung ០១គ្រឿង និងiPhone ០១ គ្រឿង ។
ជនសង្ស័យមានស្រុកកំណើត ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្ន ភូមិ ល្អក់ ឃុំ កណ្តែក ស្រុកប្រាសាទបាគង្គ ខេត្តសៀមរាប ជនសង្ស័យបានជិះម៉ូតូម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AD- 0354ដើម្បីធ្វើសកម្មភាពឆក់ ។ សមត្ថកិច្ចបានដកហូត ទូរស័ព្ទSumsug និង ទូរស័ព្ទ iPhone ហើយប្រគល់ឲ្យជនរងគ្រោះវិញផងដែរ ។
ក្រោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានបញ្ជូនទៅការិយាល័យអន្តរាគមន៍ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី