នៅអាមេរិក និងប្រទេសតំបន់អឺរ៉ុប ក៏ដូចជាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ប្រព័ន្ធហ្គាស គេបង្កប់នៅក្រោមដី ដូចជា ប្រព័ន្ធ ទឹក ជាដើម ហើយតចូលផ្ទះនីមួយៗសម្រាប់ប្រើប្រាស់ ដូចប្រើទឹកអីចឹងដែរ ។ ប៉ុន្តែបើទោះបីកប់នៅក្រោមដីបែបណាក្តី ក៏នៅតែមានការបែកធ្លាយបណ្តាលឲ្យផ្ទះ ជាបន្តបន្ទាប់ ។
កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក៏មានហេតុការណ៍ផ្ទុះហ្គាស សមា្លប់មនុស្ស១១នាក់ និងធ្វើឲ្យអគារបាក់ស្រុតផងដែរ នៅក្នុងទីក្រុង Durham រដ្ឋ North Carolina ។
ពេលថ្មីនេះនៅទីក្រុង Plantation រដ្ឋ Florida មានហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយបានកើតឡើងនៅផ្សារទំនើបមួយកន្លែងក្នុងរដ្ឋ Florida តំបន់ South Florida ទីក្រុង Plantation ប្រហែល៥០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Miami របស់អាមេរិក ។ ហេតុការណ៍នោះត្រូវគេសង្ស័យថា បណ្តាលមកពីការផ្ទុះហ្គាស បង្កឲ្យមនុស្សយ៉ាងតិច២៣នាក់រងរបួសធ្ងន់ ស្រាល ។
ហេតុការណ៍ផ្ទុះនោះ នៅបណ្តាលឲ្យខូចខាតរថយន្តអស់ជាច្រើនគ្រឿងផងដែរ ។
ក្រុមពន្លត់អគ្គិភ័យក្នុងតំបន់បានទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យឃើញថា បំពង់បង្ហូរហ្គាស់មានការបែកធ្លាយ ។ ប៉ុន្តែអាជ្ញាធរនៅមិនទាន់អាចកំណត់ច្បាស់ថា វាជាមូលហេតុពិតប្រាកដនៅឡើយទេ ខណៈកំពុងដំណើរការស៊ើបអង្កេត ។
ទីតាំងអគារផ្សារទំនើបនោះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ផ្នែកដំបូលរបស់អគារ ដែលបានផ្ទុះនោះ នៅសល់តែធ្នឹមដែកថែបប៉ុណ្ណោះ រីឯបេតុងស៊ីម៉ង់ត៍គឺខ្ទេចខ្ទីតែម្តង ។ រូបភាពនៅកន្លែងកើតហេតុបង្ហាញថា កម្ទេចកម្ទី បាននៅរាយប៉ាយនៅជុំវិញផ្សារទំនើបនោះ រួមទាំងនៅលើដងផ្លូវជិតៗផ្សារនោះផងដែរ ។ ម្ចាស់ផ្សារទំនើបខាងលើ បានថ្លែងថា អគារផ្សារទំនើបរបស់ខ្លួន ត្រូវបាន “បំផ្លាញទាំងស្រុង” ។ ផ្សារនេះត្រូវបិទទ្វាររហូតដល់មានការជូនដំណឹងបន្ថែមនៅពេលក្រោយ ។
ចំណែកអគារដែលនៅជាប់គ្នាជាមួយអគារផ្សារទំនើប ក៏បានរងការខូចខាតផងដែរ ដោយសារហេតុការណ៍ផ្ទុះដែលមានកម្លាំងខ្លាំងអស្ចារ្យនេះ ។ ទ្វារបង្អួចបាក់រលំទាំងស្រុង ។ ប៉ូលិសក្នុងតំបន់ បាន និងកំពុងដំណើរការស៊ើបអង្កេតជុំវិញករនីផ្ទុះនេះ ហើយបានជំរុញប្រជាពលរដ្ឋ កុំឲ្យនាំគ្នាចូលមកជិតតំបន់នេះឡើយ ៕