ជីវិតមនុស្សជាច្រើននាក់ ដែលធ្វើដំណើរតាមរថយន្តក្រុង គឺផ្ញើទៅលើអ្នកបើកបរទាំងស្រុង ហើយអ្នកបើកបរក៏ត្រូវមានកាតព្វកិច្ច ការពារ អាយុជីវិតអ្នកដំណើរមិនត្រូវធ្វេសប្រហែសនោះឡើយ ។ ការប្រហែសធ្វេសតែមួយវិនាទី អាយុជីវិតអ្នកដំណើររាប់សិបនាក់នឹងត្រូវស្លាប់ ។
ជាក់ស្តែង អ្នកបើកបររថយន្តក្រុងនៅឥណ្ឌា ងោកមួយភាំង សម្លាប់មនុស្ស២៩នាក់ និងរបួស១៥ ដោយធ្វើឲ្យរថយន្តធ្លាក់ពីស្ពាននៅថ្ងៃទី៨ ខែកក្កដានេះ ក្នុងរដ្ឋUttar Pradesh ។
រថយន្តក្រុងដឹកអ្នកដំណើរនោះ បាន និងកំពុងឆ្ពោះទៅកាន់ទីគោលដៅទីក្រុងញូវដេលី ដោយចេញដំណើរពីទីក្រុង Lucknow រដ្ឋ Uttar Pradesh ។ លុះទៅដល់ជិតរដ្ឋធានី Agra វេលាម៉ោងព្រឹកព្រលឹមថ្ងៃចន្ទ ក៏ជួបនូវគ្រោះថ្នាក់នេះតែម្តង ។ នេះបើតាមមន្ត្រីនៅក្នុងតំបន់ ។
ប្រភពបញ្ជាក់ថា រថយន្តនោះធ្លាក់ចូលប្រឡាយជម្រៅប្រហែល១៥ម៉ែត្រ ។ រហូតមកដល់ពេលនេះ ជនរងគ្រោះបាត់បង់ជីវិត២៩នាក់ និងប្រហែល១៥០នាក់ផ្សេងទៀតរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិតមានស្ត្រីម្នាក់ និងកុមារម្នាក់ ។ លោក Yogi Adityanath អភិបាលរដ្ឋ Uttar Pradesh បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានឥណ្ឌា ផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ថា គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៤ និង៤០នាទីទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ។ អ្នកបើកបររថយន្តទំនងជាងោកមួយភាំង ស្របពេលដែលរថយន្តកំពុងមានល្បឿនលឿនស្រាប់ផងនោះ ក៏បណ្តាលឲ្យធ្លាក់ចូលប្រឡាយតែម្តង ៕