ខេត្តបៃលិន៖ នគរបាលស្រុកសាលាក្រៅ បានចុះបង្ក្រាបទីតាំងករណីជល់មាន់មួយកន្លែង និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួចក៏បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីសួរនាំ និងចាប់បានវត្តតាង មួយចំនួន ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៥ និង០០ នាទី ថ្ងៃ អាទិត្យ មួយ០៦កើត ខែអាសាឍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ០៧ ខែកក្កដា ឆ្នាំ២០១៩ ។
លោកអធិការស្រុកសាលាក្រៅបញ្ជាក់ថា ក្រោយទទួលព័ត៌មានពីកម្លាំងសម្ងាត់ លោកបានបញ្ជាឲ្យលោក អនុសេនីយ៍ឯក ឡោ ពុធ អធិការរងទទួលការងារយុត្ដិធម៌ បានចុះបង្រ្កាបករណីល្បែងសុីសង(ជល់មាន់) មួយករណីនៅចំណុចអូរកម្មករ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។
លោកអធិការស្រុកបានឲ្យដឹងថា: ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០២នាក់ ទី១ ឈ្មោះ ហេង ឆើត ភេទប្រុស អាយុ២៦ ឆ្នាំ រស់ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន និងទី២ ឈ្មោះ ថន ភារិទ្ធ ភេទប្រុស អាយុ២៩ ឆ្នាំ រស់ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។
វត្ថុតាងរួមមាន៖ មាន់ជល់ចំនួន ១០ ក្បាល, ស៊ុមក្រុងមាន់ចំនួន៣, ខ្សែសង្វៀន សម្រាប់ជល់មាន់ ចំនួន ០១ និងម៉ូតូចំនួន០៩ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមនីតិវិធី៕ ស សារ៉េត