ខេត្តពោធិ៍សាត់៖ ហិង្សាដោយចេតនាឪពុកហ៊ានលើកដៃកាប់ប្រហារកូនប្រុសបង្កើត បង្កភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រលប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅម្ដុំមន្ទីរពេទ្យចាស់ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ ត្រូវជាកូនឈ្មោះ ជុំ ភ័ស ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មានស្នាមរបួសដាច់រលាត់ដោយវត្ថុរឹងមុតចំនួន ២កន្លែង (ក និងចង្កេះ) ស្លាប់បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកជនសង្ស័យដៃដល់ជាឪពុកឈ្មោះ កែម ធូ អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា(ឃាត់ខ្លួន) ។
លោក អធិការបន្តថា ជនសង្ស័យដៃដល់ជាឪពុកឈ្មោះ កែម ធូ នេះ ជាមុខសញ្ញាហិង្សាក្នុងគ្រួសារ និងអប់រំជាញឹកញយនាពេលកន្លងមក ហើយមុនកើតហេតុការណ៍នេះឡើង កូនជាជនរងគ្រោះ(ស្លាប់)មកពីចំការឃើញឪពុកកំពុងឈ្លោះប្រកែកគ្នាជាមួយម្ដាយ ក៍បានលូកមាត់ឃាត់រហូតមានការប្រតាយប្រតប់គ្នាផងដែរ ធ្វើឲ្យលោកឪពុករូបនេះទាញកាំបិតផ្គាក់កាប់យក៍ៗដោយគ្មានញញើតដៃតែម្ដង ។
លោក បន្តទៀតថា ករណីហិង្សាក្នុងបន្ទុកគ្រួសាសារឪពុកកាប់ប្រហារកូនបង្កើតខាងលើ មន្រ្ដីជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឃាត់ខ្លួនជនសង្ស័យនាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង តាមបញ្ជាលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ ៕ បុឹម ពិន