ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយប្រពន្ធមិនបាន ចោទថាមាសហាយ វាយប៉ោងមុខ

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ ខណៈបុរសម្នាក់បានសុំលុយប្រពន្ធមិនបាន ទើបចោទថា មានសហាយស្មន់ជាមួយអ្នកផ្សេង បង្កហិង្សាវាយប្រពន្ធបណ្តាលឲ្យបែកក្បាលហូរឈាម ទ្រាំលែងបានប្តឹងនគរបាលឃាត់ខ្លួនមកសួរនាំកាលពីម៉ោង៨ និង៥៥នាទីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងបុរីកំពុងសាងសង់ នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស ស្រីណែត ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចំណែកប្តីឈ្មោះ ហៃ សាវី អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នាមានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ។

តាមប្រភពពីជនរងគ្រោះជាប្រពន្ធ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារឃើញប្តីរបស់គាត់ និងមិត្តម្នាក់ទៀតផឹកស្រាស្រវឹង ខណ:នោះគាត់មិនសូវស្រួលខ្លួនផង គាត់ក៏កោសខ្យល់ខ្លួនឯង ។

ក្រោយមកមិត្តរបស់ប្តីគាត់ត្រឡប់ទៅវិញបាត់ ស្រាប់តែបុរសជាប្តីសុំលុយ តែគាត់ប្រាប់ថា អត់មានលុយធ្វើឲ្យប្តីខឹង និយាយថា ខំរកលុយឲ្យរាល់ថ្ងៃហើយ នៅតែលុយមិនសល់ទៀត មានតែប្រពន្ធលួចមានសហាយស្មាន់ជាមួយអ្នកផ្សេង ។

ប្រភពដដែលបន្តថា ចំណែកប្រពន្ធវិញខឹងប្តីខ្លួនចោទប្រកាន់ថា មានសហាយស្មន់ បានស្ទុះយកកាំបិតបម្រុងកាប់ប្តី ក៏ត្រូវប្តីស្រវឹងស្រា ប្រតាយប្រតប់វិញ បណ្តាលឲ្យជ្រុលដៃវាយប្រពន្ធរបស់ខ្លួន បែកក្បាលហូរឈាមស្រោចខ្លួនតែម្តង ។

ភ្លាមៗនោះស្ត្រីជាប្រពន្ធរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានទៅដល់កន្លែងកើតហេតុ ។

ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បាននាំភាគីទាំងសងខាងមកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ម្តងទៀត ដើម្បីអប់រំ ដោយភាគីជាប្រពន្ធមិនប្តឹងផ្តល់ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាង ត្រឡប់ទៅវិញផងដែរ ៕ សុខាសែនជ័យ​


ចែករំលែក៖