ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល ខេត្តព្រះសីហនុ កំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ជាថ្ងៃបើកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ប្រមូលសំរាម (KSWM) ក្នុងក្រុង និងផែនការយុទ្ធនាការសំអាតអនាម័យបរិស្ថាន ក្នុងក្រុងព្រះសីហនុ ដោយបានប្រកាសកំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ ជាថ្ងៃបើកយុទ្ធនាការប្រមូលកាកសំណល់ចេញពី ខេត្ត ដ៏មានសក្ដានុពលខាងផ្នែកសេដ្ឋកិច្ច និងទេសចរណ៍មួយនេះ ។

យោងតាមការប្រកាសនៅលើបណ្ដាញ Facebook របស់លោក គួច ចំរើន នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «ក្រោយការប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់ កាលពីព្រឹកមិញនៅសាលា ក្រុងព្រះសីហនុ យើងបានកំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ បើកយុទ្ធនាការប្រមូលកាកសំណល់ ចេញពី ខេត្តព្រះសីហនុ» ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះលោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ដែលកំពុងតែទទួលបានប្រជាប្រិយ៍ភាព ក្រោយឡើងកាន់តំណែងថ្មីៗនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុទាំងអស់ ចូលរួមក្នុងយុទ្ធនាការនេះឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យសោភ័ណភាពក្នុងទីក្រុងមានភាពស្រស់ស្អាត ។

ជាការកត់សម្គាល់ បន្ទាប់ពីលោក គួច ចំរើន បានឡើងកាន់តំណែង លោកកំពុងបំពេញការងារយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ពិសេសពាក់ព័ន្ធវិស័យសំណង់ ទេសចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈជាដើម ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ ៕ស តារា


ចែករំលែក៖