ព័ត៌មានទាន់ហេតុការណ៍៖

មេឈ្មួញឈើឧកញ៉ា កៅ ប៊ុនលី នៅតែបន្តសកម្មភាពរកស៊ីទុច្ចរិតបំផ្លាញធនធានធម្មជាតិ ក្រោមលេសសិប្បកម្មមានច្បាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ មេឈ្មួញឈើឈ្មោះ កៅ ប៊ុនលី ដែលមានគោរមងារជាឧកញ៉ា នៅតែបន្តសកម្មភាព រកស៊ីទុច្ចរិតកាប់បំផ្លាញឈើដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់ និងព្រៃសហគមន៍មួយចំនួនទៀត យកទៅកែច្នៃនៅក្នុងសិប្បកម្មមួយកន្លែង ស្ថិតចំណុចកំពង់គរ ភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំយ៉ាងគគ្រឹកគគ្រេង ដោយជ្រកក្រោមលេសថា សិប្បកម្មមានច្បាប់ ដើម្បីបំភាន់ភ្នែកមហាជនជាឈើស្រប់ច្បាប់ ហើយមិនដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ហ៊ានចាត់វិធានការទប់ស្កាត់ឈ្មោះ កៅ ប៊ុនលី ដែលមានគោរមងារជាឧកញ៉ានេះឡើយ។

ប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួន បានលើកឡើងថា ក្រុមឈ្មួញដែលមានគោរមងារជាឧកញ៉ាខាងលើនេះ បានប្រើរថយន្ត និងគោយន្តកាឡេថងជាច្រើនគ្រឿង ដើម្បីកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ដែលជាព្រៃការពារដោយព្រះរាជក្រឹត្យ។

ថ្មីៗកន្លងទៅនេះ គេបានឃើញសមត្ថកិច្ចក្រសួងពាក់ព័ន្ធចាត់វិធានការណ៍បង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់នោះតិចតួចដែរ ក៏ប៉ុន្តែប្រជាពលរដ្ឋក្នុងស្រុកសណ្តាន់គ្មានជំនឿថា សមត្ថកិច្ចទាំងនោះ ហ៊ានបង្ក្រាបមេឈ្មួញឈើឈ្មោះ កៅ ប៊ុនលី ដែលមានគោរមងារជាឧកញ៉ាម្នាក់នេះឲ្យមានប្រសិទ្ធភាពឡើយ។

ប្រជាពលរដ្ន មន្ត្រីរាជការ ដែលស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ ស្ពាន ថ្នល់ ខ្មែរ តាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ពួកគាត់បានទទូចសំណូមពរដល់លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានថា សូមលោកមេត្តាជួយបញ្ឈប់សកម្មភាពបុគ្គលមានគោរមងារជាឧកញ៉ា រកស៊ីទុច្ចរិត ដែលកំពុងធ្វើឲ្យតម្លៃ «ឧកញ៉ា» ស្រុកខ្មែរធ្លាក់ចុះ ដោយសារទង្វើមិនគប្បីរបស់ឧកញ៉ាម្នាក់ខាងលើនេះផង។

សូមរំលឹកថា ដើម្បីស្ដារតម្លៃ នៃឧកញ៉ាឡើងវិញ បុគ្គលដែលមានគោរមងារជាឧកញ៉ា ត្រូវតែពិចារណាពីការប្រព្រឹត្តរបស់ខ្លួនឡើងវិញ។ សម្រាប់សង្គមខ្មែរ សព្វថ្ងៃគោរមងារជាឧកញ៉ា ដូច កៅ ប៊ុនលី លែងមានតម្លៃទៀតហើយ ប្រសិនបើគោរមងារនេះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់តែផលប្រយោជន៍ខ្លួន និងបក្ខពួក ដោយមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាជនខ្មែរទេនោះ សូមកុំភ្លេចថា នៅពេលដែលលោក ឧកញ៉ា កៅ ប៊ុនលី ប្រព្រឹត្តមិនគប្បី មិនមែនមានតែលោកឧកញ៉ា កៅ ប៊ុនលី នោះទេ ដែលត្រូវគេរិះគន់ គឺពិតជាមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានស្នើឈ្មោះឲ្យលោក បានគោរមងារជាឧកញ៉ានោះ ក៏រងការរិះគន់ផងដែរ។

ដូច្នេះ បុគ្គលមានគោរមងារជាឧកញ៉ា គួរតែជាបុគ្គលដ៏គួរឲ្យគោរពមានគុណធម៌រកស៊ីសុច្ចរិត និងជួយកសាងជាតិ ។ ចំណែកបុគ្គល ដែលមានបានដោយរបររកស៊ីទុច្ចរិត បំផ្លាញធនធានធម្មជាតិព្រៃឈើ ស្ពានថ្នល់ខ្មែរ ហើយយកប្រាក់បន្តិចបន្តួច មកបរិច្ចាគជូនរដ្ឋ ដើម្បីក្លាយខ្លួនជាឧកញ៉ានោះ មិនគួរប្រគល់គោរមងារជា«ឧកញ៉ា» ជូនឡើយ៕ ប៊ុនរិទ្ធី


ចែករំលែក៖