ខេត្តរតនគិរី៖ ពីរនាក់ម្តាយ និងកូនស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុតែម្តង ដោយសារជិះម៉ូតូ ហើយត្រូវរថយន្តម៉ាកTUNDRA បុកពីក្រោយយ៉ាងពេញទំហឹង ដែលមានទិសដៅពីកើតទៅលិច នៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ៥៤២-៥៤៣ ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី ។
លោកពុទ្ធ សាវី អធិការរងនគរបាលស្រុកកូនមុំទទួលផែនសណ្តាប់ធ្នាប់បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សេង សុភា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហតុ ហើយជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគីរី១C-៩៧១២ និងមានកូនម្នាក់ឈ្មោះ រិន ម៉េងឈាង ភេទប្រុស អាយុ៦ឆ្នាំរួមដំណើរជាមួយក៏ស្លាប់ភ្លាមៗដែរ ។
លោកអធិការរងបន្តថា ឯរថយន្តបង្កម៉ាកTUNDRA ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ២R-៥៦៨៨ បើកបរដោយឈ្មោះ គូនី បូវិ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិស្រែពកតូចឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ហើយក្រោយពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុមិនទទួលខុសត្រូវឡើយ ។
បន្ទាប់ពីកើតហេតុ កម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់ភ្លាម ហើយត្រួតពិនិត្យ និងវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកកូនមុំដើម្បីធ្វើកំណត់ហេតុ ចាត់ការតាមនីតិវិធី រួចហើយក៏បានប្រគល់សាសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័