ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍នគរបាលស្តីពីការស្រាវជ្រាវបង្ក្រាប ករណី អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទជនជាតិចិន ) នៅថ្ងៃទី ០៤ ខែកក្កដា ២០១៩ វេលាម៉ោង ២០ និង ៣០នាទី នៅចំណុចតាមផ្លូវកាស៊ីណូ ហ្គោលឌិនរ៉ូយ៉ាល់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទជនជាតិចិន ) បង្កឡើងដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទដៃជនជាតិចិនម្នាក់ ភេទប្រុស ក្នុងពេលដែលជនរងគ្រោះកំពុងជិះម៉ូតូឌុបតាមផ្លូវ រួចជិះគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបាន ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង២២ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ZHANG HUIWU ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខៈ E04942621 ស្នាក់នៅសណ្ឋាគារឯករាជ្យ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារ បាត់បង់៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក HUAWEI ពណ៌ខ្មៅ ។
រីឯជនសង្ស័យឈ្មោះ នី ជា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ គីឡូលេខ៦ ភូមិឬស្សីកែវ សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE XS MAX ពណ៌ទឹកមាស, ម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ស ស្លាកលេខៈ ភ្នំពេញ 1HP-3802 មានលេខតួៈ ៣៤៨៨១៧ និងលេខម៉ាស៊ីនៈ ៣៤៨០៦០ ( មធ្យោបាយជិះធ្វើសកម្មភាព ) ។
ចំពោះជនសង្ស័យ ០១នាក់ ទៀតដែលរត់គេចខ្លួន ឈ្មោះ និត ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ គីឡូលេខ៧ ភូមិឬស្សីកែវ សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ