ខេត្តប៉ៃលិន៖ មានករណីផ្ទុះមួយកើតឡើង ដោយសារបុរសម្នាក់យកថ្នាំគីមីមកលាយបញ្ចូលគ្នា ដាក់ក្នុងពីដុង បង្កើតជាអ័រម៉ូន ឬជីសាន (ភាសាថៃ) សម្រាប់ដាក់ដើមមៀនប៉ៃលិន កំពុងតែយកឈើកូរក្នុងពីដុងថ្នាំ ស្រាប់តែផ្ទុះបណ្ដាលឲ្យមនុស្ស ចំនួន៤នាក់រងរបួសធ្ងន់ និងស្រាល ត្រូវបានរថយន្តអ្នកជិតខាងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១៩ និង ៣០នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ករណីខាងលើនេះ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងភូមិអូរពឺត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះ ដែលជាម្ចាស់ផ្ទះ បានយកពីដុង និងថ្នាំចាប់ផ្តើមលាយជីគីមីបញ្ជូលគ្នា បង្កើតជាអ័រម៉ូន ដើម្បីយកទៅដាក់ដើមតាង៉ែនឲ្យចេញផ្លែ បន្ទាប់ពីលាយបញ្ចូលគ្នាហើយ គឺជនរងគ្រោះ ដែលជាម្ចាស់ផ្ទះ បានយកមកគូក្រឡុក ដើម្បីឲ្យចូលសាច់មួយ ពេលនោះស្រាប់តែបង្កឲ្យផ្ទុះលាន់ដូចផ្ទុះគ្រាប់មីន បណ្តាលឲ្យជនរងគ្រោះជាម្ចាស់ផ្ទះសន្លប់តែម្តង ព្រមទាំងបង្កឲ្យមនុស្សពីរទៅបីនាក់ផ្សេងទៀតរងរបួសជាមួយគ្នាដែរ ។
ប្រភពព័ត៌មាន បានបន្តថា៖ ក្រោយពេលកើតហេតុគេឃើញ វត្ថមានលោក ចេន ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងអធិការក្រុងប៉ៃលិន ដឹងនាំមន្ត្រីក្រោមឪវាទ ព្រមទាំងមន្ត្រីស៊ីម៉ាក់ ចុះមកត្រូតពិនិត្យជាក់ស្តែង នៅនិងកន្លែង ចំណែកជនរងគ្រោះទាំង ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខែម្តង ។
បើតាមលោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ មូលហេតុ ដែលបណ្តាលឲ្យមានករណីផ្ទះផ្អើលទូទាំងក្រុងប៉ៃលិននេះ គឺដោយសារតែជនរងគ្រោះជាម្ចាស់ផ្ទះ បានយកថ្នាំគីមីលាយបញ្ចូលគ្នា បង្កើតជាអ័រម៉ូនឬជីសាន(ភាសាថៃ) ច្រកដាក់ក្នុងពីដុង រួចក្រឡុក ទើបបណ្តាលអោយផ្ទុះរងរបួសតែម្តង ។ លោកអធិការ បានបន្តថា៖ ជនរងគ្រោះទី១ឈ្មោះ ធីម រឹម ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរ លក់ដូរ ជាម្ចាស់ផ្ទះ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់)ទី២ឈ្មោះ អ៊ុត សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងកាត់កញ្ចក់ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន (របួសធ្ងន់),ទី៣ឈ្មោះ ធីម រតនា ភេទ ប្រុស អាយុ០៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល)និងទី៤ឈ្មោះ ខាត់ សាឡែន ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល) ផងដែរ។
បច្ចុប្បន្នជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកជនរងគ្រោះ ដែលរបួសស្រាល គឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ ។
សូមបញ្ជាក់ថា៖ ចំពោះករណីនេះក៏មានការលើកឡើងពីមន្ត្រីជំនាញផងដែរថា ថ្នាំគីមីដែលជនរងគ្រោះយកមកលាយបញ្ចូលគ្នា ជាប្រភេទថ្នាំដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ហើយប្រសិនជាយើងមិនចេះជំនាញច្បាស់លាស់នោះ សូមកុំប្រថុយលាយបញ្ចូលគ្នាឲ្យសោះ ព្រោះអាចគ្រោះថ្នាក់ជាយថាហេតុដូចករណីខាងលើផងដែរ ៕ សសារ៉េត