ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ជាជនជាតិវៀតណាម ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពឡើងលួចគាស់ដំបូលផ្ទះប្រជាពលរដ្ឋ ចូលយកមាសមាសបានជាង១០ដំឡឹង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួននេះ ឈ្មោះច្រឹង យ៉ាំងយ៉ាវ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្នុងភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចអាវុធហត្ថ ប្រចាំការនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ បានឲ្យដឹងថា កាលពីម៉ោង៤ជិតភ្លឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យបានលួចឡើងទៅលើផ្ទះបណ្តែតទឹករបស់ជនរងគ្រោះឈ្មោះចេង គឹមហ៊ុន អាយុ៣១ឆ្នាំ ប្រពន្ធឈ្មោះហុង សុហៀង អាយុ៣១ឆ្នាំ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយធ្វើសកម្មភាពគាស់ដំបូលចូលយកមាសបានជាង១០ដំឡឹង ហើយគេចខ្លួន ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីជនរងគ្រោះបានកើតឡើងនូវករណីនេះនិង បានប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចកងរាជអាវុធហត្ថមក កម្លាំងអាវុធហត្ថដែលប្រចាំការនៅទីតាំងនោះ បានស្រាវជ្រាវរកមុខសញ្ញាដែលឡើងគាស់ផ្ទះយកមាស ។ បន្ទាប់ពីកំណត់មុខសញ្ញរួចរាល់ហើយ កម្លាំងអាវុធហត្ថប្រចាំការនៅទីនោះ បាន ឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងតែម្តង ។ នៅពេលនេះជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការហើយដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា