ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំង បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស២នាក់ ជាមួយនឹងថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវកម្លាំងអាវុធហត្ថបង្ក្រាប និងចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួននេះ១,ឈ្មោះធន់ ច័ន្ទគ្រឹះស្នា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង ខេត្តកំពង់ឆ្នាំង ។ ២,ឈ្មោះ នុល វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិទី៤ សង្កាត់ ខ្សាម ក្រុងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នេះ គឺជាមុខសញ្ញាដែល កម្លាំងអាវុធហត្ថខេត្តតាមដានជាយូមកហើយ នៅថ្ងៃឃាត់ខ្លួន ជនសង្ស័យបានណាត់គ្នាធ្វើសកម្មភាពចែកចាយថ្នាំញៀន កម្លាំងសម្ងាត់របស់សមត្ថកិច្ច បានដាក់កម្លាំងព័ទ្ធចាប់តែម្តង ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៩កញ្ចប់ ទម្ងន់១៤.៧០ក្រាម គិតទាំងថង់វេចខ្ចប់ ថ្នាំយ៉ាម៉ា ពណ៌ក្រហម ចំនួន១១គ្រាប់ ម៉ូតូ២គ្រឿង ទូរស័ព្ទដៃ១គ្រឿង នាឡិការដៃ១គ្រឿងនិងកន្ត្រៃកាត់ដែកចំនួន១ផងដែរ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕ ចន្ថា


ចែករំលែក៖