ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ញៀនស្រា អត់បាយ អត់ទឹក កើតខ្យល់គរដេកស្លាប់ក្នុងវាលស្រែ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៩ នៅតំបន់ទួលម្រិញ ភូមិប៉ប្រក ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញស្រុក, ប៉ុស្តិ៍រដ្ឋបាល, អាជ្ញាធរមូលដ្ឋាន និងសាច់ញាតិនៃសព បានទៅដល់កន្លែងកើតហេតុ និងពិនិត្យសាកសពមានសភាពហើមប៉ោង ក្លិនស្អុយ ប្រេះស្បែក ប្រែពណ៌ខ្មៅ ដោយត្រូវកំដៅថ្ងៃ ក្រៅពីនោះមិនមានស្លាកស្នាមអ្វី ដែលពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ ។
សពមានឈ្មោះ រៀម រួន ហៅ វល្ល៍ ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិបប៉្រក ឃុំស្វាយ ភ្លើង ស្រុកតាំគោក ខេត្តកំពង់ធំ ។
មុនកើតហេតុ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានហូបស្រាថ្នាំជាមួយ ឈ្មោះ ភី សុដា ហៅ ញ៉េប ភេទ ប្រុស អាយុ ៣៦ឆ្នាំ នៅភូមិ-ឃុំ កើតហេតុ តាំងពីព្រឹករហូត ដល់ម៉ោងប្រហែល៨យប់ ទើបឈប់ បន្ទាប់មក ឈ្មោះ ញ៉េប បានយកភួយឲ្យជនរងគ្រោះទៅដេកផ្ទះប្អូនគាត់ នៅក្បែរនោះដែរ (ផ្ទះគ្មានមនុស្សនៅ) ចំណែកឈ្មោះ ញ៉េប ក៏ឡើងលើផ្ទះដេក រហូតដល់ម៉ោង៣ទៀបភ្លឺទើបគាត់ភ្ញាក់ចុះមកក្រោមផ្ទះ ឃើញតែភួយទុកនៅក្រោមផ្ទះ មិនឃើញមនុស្សហើយ ដើរទៅមើលនៅផ្ទះប្អូននៃសពមិនឃើញ ក៏ត្រឡប់មកសួរម្ដាយសព ក៏ប្រាប់ថា៖ មិនឃើញទេ ក៏នាំគ្នាដើរកតែរកមិនឃើញសោះស្មានថា វាទៅផ្ទះប្រពន្ធវាហើយលុះដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៧ព្រឹកម្ដាយរបស់ឈ្មោះ ញ៉េប នៅភូមិស្វាយភ្លើង ទូរស័ព្ទមកប្រាប់ថា៖ ឈ្មោះ វល្លិ៍ ដេកស្លាប់នៅវាលស្រែ តំបន់ទួលម្រិញ ទើបឈ្មោះ ញ៉េប លុះទៅមើល ឃើញស្គាល់ថាជាសពឈ្មោះ វល្លិ៍ ពិតមែន ។
សមត្ថកិច្ចបានសន្និដ្ឋាន ការស្លាប់នេះ ដោយសារស្រវឹងជោកជាំ វង្វេងស្មារតី អត់បាយអត់ទឹកកើតខ្យល់គរ គាំងបេះដូងស្លាប់តែម្តង ។ សមត្ថកិច្ចបញ្ជាក់ពីមូលហេតុថា ជនរងគ្រោះជាជនញៀនស្រា មិនមានអាហារក្នុងខ្លួន ទើបបណ្តាលឲ្យកើតខ្យល់គរ ។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់ រួចហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី