ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងបុករថយន្តឡិសសីុសRX300 ពេញទំហឹង តែមិនមានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយនារីរូបស្រស់ជនជាតិខ្មែរ២នាក់ទៀត បើករថយន្តឡិចសុីសមួយគ្រឿងឆ្លងផ្លូវរថភ្លើងមិនប្រយ័ត្ន ត្រូវរថភ្លើងបុកចំពាក់កណ្តាលលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តខ្ទេចមួយចំហៀង តែមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវដែកផ្សារដីហុយ (តាមផ្លូវហាណូយ) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ មានរថភ្លើងមួយគ្រឿង បំណងបើកឆ្លងកាត់ផ្លូវហាណូយទិសដៅពីលិចទៅកើត ដោយមានអ្នកប្រចាំការម្នាក់ពាក់ភ្លើងនៅលើក្បាល ជួយឲ្យសញ្ញាសម្រាប់រថភ្លើងឆ្លងកាត់ តែមិនបានទាញប៉ារ៉ាស់ទំលាក់នោះទេ ដល់ផ្លូវ ភ្នំពេញហាណូយផ្លូវរថភ្លើងឆ្លងកាត់ ក៏មានរថយន្តម៉ាក ឡិចសុីស RX300 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2T-4519 បើកបរដោយបុរសម្នាក់ជាជនជាតិចិនម្នាក់ ព្រមទាំងមាននារីជនជាតិខ្មែរ២នាក់រួមដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងឆ្លងកាត់មិនប្រយ័ត្ន ក៏ត្រូវរថភ្លើងបុកចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទៀតចេញពីផ្លូវរថភ្លើងប្រហែល១០ម៉ែត្រ រងការខូចខាតមួយចំហៀងយ៉ាងដំណំ ចំណែករថភ្លើងមិនខូចខាតនោះទេ តែសំណាងល្អមួយ ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចទីតាំងកើតហេតុដោយភាគីខាងរថយន្តសូមយករថយន្តទៅជួសជុលដោយខ្លួនឯងតែខាងតំណាងរថភ្លើងមិនព្រមទើបសមត្ថកិច្ចហៅរថយន្តស្ទូយយកទៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ តុង សីហា


ចែករំលែក៖