ព័ត៌មានទាន់ហេតុការណ៍៖

យុវជនចិត្តស្លុយម្នា ក់ខឹងនឹងឪពុកមិនរកប្រពន្ធឲ្យ ដុតផ្ទះក្បឿង ឆេះម៉ត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះក្បឿងមួយខ្នង ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាប្រញាប់ប្រញាលជួយជះទឹក និងរថយន្តអគ្គិភ័យមកអន្តរាគមន៍ បាញ់ពន្លត់ ប៉ុន្តែអកុសលយឹតពេលទៅហើយ ម្ចាស់ផ្ទះបានត្រឹមឈរស្រក់ទឹកភ្នែក បន្ទាប់ពីកូនចិត្តខ្លាំង ខឹងឪពុកមិនទៅស្ដីដណ្ដឹងប្រពន្ធឲ្យគេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ចំពោះកូនចិត្តខ្លាំងមានឈ្មោះ ពិន  ពិទូ អាយុប្រមាណជាង២០ឆ្នាំ មានឪពុកឈ្មោះ ពិន បូរិន អាយុ ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ។
ប្រភពបន្តថា ចំណែកផ្ទះដែលរងការឆាបឆេះមានទំំ៨ម៉ែត្រគុណ នឹង៩ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ខណៈទ្រព្យសម្បត្តិ នៅមិនទាន់សរុបនៅឡើយ ។
តាមឪពុកបានរៀបរាប់ប្រាប់សមត្ថកិច្ចថាមិនគួរណាកូនប្រុសធ្វើបែបនេះសោះ គ្រាន់តែគាត់ប្រកែកថា កុំអាលគិតគូររឿងហ្នឹង ខិតខំរកស៊ីមានប្រាក់កាសសិន ចាំទៅដណ្ដឹងប្រពន្ធ ប្រមាណជាកន្លះម៉ោងក្រោយមក ក៏មានរឿងនេះកើតឡើងតែម្ដង ។
ក្រោយពីធ្វើសកម្មភាពរួច បុរសចិត្តខ្លាំងក៏បានរត់គេចខ្លួនភ្លាមៗ បន្សល់តែគ្រោងឆ្អឹងផ្ទះ និងបាត់បង់ទ្រព្យសម្បត្តិដែលខំសន្សំជាយូរឆ្នាំ  ធ្វើឲ្យឪពុកឈរសម្រក់ទឹកភ្នែកបែបនេះសោះ ៕ យឹម សុថាន

ចែករំលែក៖