ខេត្តកណ្ដាល៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ ខេមបូយូនីសូល អិលធីឌី (ហៅកាត់ដំបូលសរទី១៦) ចំនួន២០នាក់ រួមទាំងស្រ្តីមានផ្ទៃពោះ២នាក់ទៀត ដួលសន្លប់បន្តបន្ទាប់គ្នា ដោយសារធំក្លិនហ្គាសចេញពីម៉ាស៊ីនត្រជាក់ ខណៈកំពុងធ្វើការ ។ ករណីនេះកើតឡើងនៅវេលាម៉ោង៨និង០៤នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា កម្មករ កម្មការិនីដែលបម្រើការងារក្នុងរោងចក្រសរុមមានចំនួន១៨៥០នាក់ ប្រុស២៥០នាក់ ក្នុងនោះកម្មការិនីដែលដួលសន្លប់មានចំនួន២០នាក់ រួមទាំងស្រ្តីមានផ្ទៃពោះ២នាក់ផងដែរ ។
ប្រភពដដែលបន្តថា ក្រោយពីមានករណីកម្មការិនី២០នាក់ដួលសន្លប់បន្តបន្ទាប់គ្នា ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រុក បានចុះធ្វើការអន្តរាគមន៍ជួយសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យប្រតិបត្តិស្រុក រីឯកម្មករ កម្មការិនីដែលពុំបញ្ហានោះ ត្រូវបានខាងក្រុមហ៊ុនឲ្យផ្អាកធ្វើការ ទៅផ្ទះរៀងៗខ្លួន ។
ចំពោះករណីដួលសន្លប់ខាងលើនេះ សមត្ថកិច្ច ជំនាញបញ្ជាក់ថា បណ្ដាលមកពីធំក្លិនហ្គាសដែលចេញពីម៉ាស៊ីនត្រជាក់ ៕ ស្អាងជ័យ