ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ដោយសារមុតកាំបិតខ្វែវយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ស្លាប់ដោយសារមុតកាំបិតខ្វែវកាលពី វេលាម៉ោង៧និង១៥នាទី ថ្ងៃទី12 ខែកក្កដា ឆ្នាំ 2019 នៅចំណុចឡូត៍ចំការស្វាយចន្ទី លេខ២០០៧ ចំណុចតំបន់អណ្ដូងតាមែង ក្នុងភូមិថ្នល់ ឃុំទួលគ្រើល ស្រុកបា្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ជា ជុំ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នក​យាមចំការ នៅភូមិសា​លាវិស័យ(ភូមិធ្លក) ឃុំសាលា​វិស័យ ស្រុកបា្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ ឈ្មោះ គង រ៉ាន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករក្រុម ហ៊ុនកៅស៊ូ កុល វាសនា ជាអ្នកយាយមជាមួយជនរង គ្រោះនៅចំណុចតំបន់ខាងលើបានបំភ្លឺថា៖ គាត់និងជនរងគ្រោះ ជាអ្នកយាមចំការកៅស៊ូរបស់ក្រុមហ៊ុន កុល វាសនា រៀងរាល់ថ្ងៃគាត់និងជនរងគ្រោះ ព្រម ទាំងអ្នកយាមឡូត៏ផ្សេងៗទៀត បានមកជួបជុំគ្នានៅរោងយាមរបស់ពួកគាត់ចំណុចឡូត៏ ២០០៧ តំបន់ខាងលើ ។

ប្រភពបន្តថា នៅថ្ងៃកើតហេតុវេលាម៉ោង៧និង១០នាទី មាន​ឈ្មោះ ច្រេង ធី ភេទប្រុស, ឈ្មោះ តាប់ តោន​ភេទប្រុស, ឈ្មោះ បេង ហេងភេទប្រុស ,ឈ្មោះ សាយ សុខនី ភេទ ប្រុស, ឈ្មោះ សូត្រ ចេត្រ ភេទប្រុស ,ឈ្មោះ ឈាក ឈីន ភេទប្រុស និងជនរង​គ្រោះផ្ទាល់ ព្រមទាំងខ្ញុំបាទ ទាំងអស់គ្នា ជាអ្នកយាមតាមឡូត៏ បានមកធ្វើការត្រួសស្មៅតាមរងស្វាយចន្ទីដោយម្នាក់ៗ មានកាន់កាំបិតខ្វេវម្នាក់មួយៗ ឯឈ្មោះ សូត្រ ចេត្រ គាត់ចងកាំបិតខ្វែវនៅកែបម៉ូតូពីក្រោយដោយដាក់ផ្លែកាំបិតមុខមកខាងលើ ដោយជិះម៉ូតូតែម្នាក់ឯង ។

ប្រភពបន្តថា មកដល់កន្លែងយាមរបស់គាត់ឈ្មោះ ជា ជុំ បានសុំម៉ូតូឈ្មោះ សូត្រ ចេត្រ ជិះពីក្រោយ ឈ្មោះ ចេត្រ បាននិយាយថា៖ជិះក៏ជិះទៅស្រាយកំបិតចេញសិន ឈ្មោះ ជុំ បានតបវិញថា៖ មិនបាច់ស្រាយទេជិះពីលើក៏បានដែរ រួចក៏ឡើងអង្គុយពីលើម៉ូតូ ដៃម្ខាងលីកាំបិតរបស់គាត់ ១ដែរ ឈ្មោះ ចេត្រ និងពួកគាត់បានជិះម៉ូតូ ចេញសំដៅទៅកន្លែងត្រួសស្មៅ បន្តបន្ទាប់គ្នាដោយឈ្មោះ ចេត្រ ឌុប ឈ្មោះ ជុំ ជិះពីមុខគេ ទៅ ដល់កន្លែងត្រួសស្មៅម៉ោងប្រហែល ៧.១៥នាទី ឈ្មោះ ចេត្រ ក៏ឈប់ម៉ូតូពេលនោះគាត់បានឃើញឈ្មោះ ជុំ លើកជើងស្ដាំ ចុះ ពីលើម៉ូតូ ហើយឃើញដៃម្ខាងខ្ទប់ជើង ហើយដួលទៅលើដី ពួកខ្ញុំក៏នាំគ្នារត់ទៅជួយ បានឃើញស្នាមមុតកាំបិតរយះសាច់ភ្លៅខាងក្រោយ ជើងខាងស្ដាំ ពេលនោះពួកគាត់បានទូរស័ព្ទហៅឡានមកយកទៅមន្ទីពេទ្យ តែឈ្មោះ ជុំ បានដាច់ខ្យល់ស្លាប់លើឡានបាត់ទៅហើយ ។

ក្រោយទទួលព៌ត័មានកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាវិស័យបានចុះដល់កន្លែងកើតហេតុនិង​ ពិនិត្យសាកសព នៅលើក្បាល,ដងខ្លួនពុំមានស្លាក​ស្នាមអ្វីទេ នៅអវៈយវៈ ជើង​ស្តាំ លើគន្លាក់បត់ជង្គង់ផ្នែក​ខាងក្រោយ មានរបួសមុត រយះយ៉ាងជ្រៅដាច់សសៃពួរ សាច់ភ្លៅខាងស្ដាំ មានឈាមហូរធ្លាក់ឥតឈប់ នឹងត្រូវបានដឹកតាមរយន្តយកទៅសង្គ្រោះ តែត្រូវបានស្លាប់តាមផ្លូវ ។

សមត្ថកិច្ចសន្និដ្ឋាន: ការស្លាប់នេះគឺដោយសារមុតនឹងកាំបិតខ្វេវ ដែលចងជាប់នឹងពូកម៉ូតូខាងក្រោយ ធ្វើឱ្យជនរង គ្រោះចុះពីម៉ូតូ ត្រូវទាក់ជើងស្តាំនឹងផ្លែកាំបិតដែលដាក់​ផ្ងារ​ មុត ដាច់សសៃឈាម ហូរខ្សោះ ទើបបណ្តាលឲ្យស្លាប់ ដោយមិនមានពាក់ ព័ន្ធនឹងបទល្មើសឡើយ ។

សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖