ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានប្រកាសឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចាត់វិធានការបង្ការទប់ស្កាត់ និងត្រួតពិនិត្យការីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកដើម្បីបញ្ចៀសកុំឲ្យជំងឺប៉េស្តជ្រូកអាហ្វ្រិក ឆ្លងរាលដាលចូលក្នុងទឹកដីខេត្តបន្ទាយមានជ័យគ្រាដែលមន្រ្តីជំនាញពេទ្យសត្វខេត្តបន្ទាយមានជ័យបានបង្ហាញឲ្យដឹងថាជំងឺប៉េស្តជ្រូកអាហ្រ្វិចបានឆ្លងរាលដាលចំនួន៥ខេត្តនោះហើយ ក្នុងប្រទេសកម្ពុជា គឺខេត្តរតនៈគីរី ខេត្តស្វាយរៀង ត្បូងឃ្មុំ តាកែវ និងចុងក្រោយរាលដាលមកដល់ខេត្តកណ្តាលដែលបណ្តាលឲ្យសត្វជ្រូករាប់សិបក្បាលបានងាប់ ។
ខណៈដែលមានការប្រកាសចាត់វិធានការបង្ការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ពីសំណាក់អាជ្ញាធរខេត្តបន្ទាយមានជ័យគេឃើញមន្ត្រីជំនាញពេទ្យនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានប្រញ៉ាប់ចុះធ្វើសកម្មភាពត្រួតពិនិត្យអនាម័យផលិតផលសាច់ជ្រូកនៅទីសត្តឃាត និងផ្សព្វផ្សាយអប់រំជូនដល់កសិករចិញ្ចឹមជ្រូក និងអាជីវករលក់ផលិតផលសាច់ជ្រូកនៅក្នុងខេត្តបន្ទាយមានជ័យដើម្បីឲ្យពួកគាត់យល់ដឹងពិវិធីសាស្រ្តបង្ការ និងការចូលរួមទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ។
ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ទូច ប្រាប់ឲ្យដឹងថា ក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងអភិបាលខេត្តបន្ទាយមានជ័យអនុវត្តលើវិធានការបង្ការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក មន្រ្តីជំនាញពេទ្យសត្វនៅព្រឹកថ្ងៃទី១២ ខែកក្កដា បានចុះទៅអប់រំអាជីវករលក់ផលិតផលសាច់ជ្រូកនៅក្នុងផ្សារហ៊ុយ ឡេង និងផ្សារចំការគរ ក្នុងក្រុងសិរីសោភ័ណ ដោយណែនាំឲ្យពួកគាត់ត្រូវជ្រើសរើសាច់ជ្រូកយកមលក់មានប្រភពច្បាស់លាស់ និងភ្ជាប់លិខតិច្បាប់អនុញ្ញាតពីសុខភាពសត្វ មន្រ្តីជំនាញក៏បានណែនាំអាជីវករលក់សាច់ជ្រូកមិនត្រូវយកសាច់ជ្រូកគ្មានប្រភព និងគ្មានច្បាប់ទម្លាប់យកមកលក់នៅលើទីផ្សារឡើយ ។
មន្រ្តីជំនាញពេទ្យសត្វក៏បានបន្តទៅត្រួតពិនិត្យអនាម័យផលិតផលសាច់ជ្រូកនៅទីសត្តឃាតក្នុងក្រុងសិរីសោភ័ណ ដោយបានណែនាំឲ្យម្ចាស់ទីសត្តឃាតត្រូវយកសត្វជ្រូករបស់ក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតិ និងចៀសវាងនាំសត្វជ្រូកពីប្រទេសវៀតណាម និងសត្វជ្រូកដែលគ្មានប្រភពច្បាស់លាស់យកមកធ្វើអាជីវកម្ម និងកន្លែងទីសត្តឃាតត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ។ វិធានការទប់ស្កាត់នោះផងទៀតមន្រ្តីជំនាញពេទ្យសត្វក៏បានចុះទៅត្រួតពិនិត្យកសិកចិញ្ចឹមជ្រូកសរុប២៥កន្លែងចំនួន៣០ម្ចាស់នៅក្នុងស្រុកស្វាយចេក ដោយមន្រ្តីជំនាញបានណែនាំកសិករឲ្យពួកគាត់ត្រូវបាញ់ថ្នាំរំងាប់មេរោគជាប្រចាំផងដែរ ហើយខណៈនោះមន្រ្តីជំនាញក៏បានចុះបាញ់ថ្នាំរំងាប់មេរោគនៅទីកន្លែងចិញ្ចឹមជ្រូកនីមួយៗ និងបានផ្សព្វផ្សាយចែកខិតប័ណ្ណ ជូនកសិករចិញ្ចឹមជ្រូក និងកិបផូស្ទ័រនៅតាមនៅតាមលំនៅឋានកសិករចិញ្ចឹមជ្រូក ក្នុងការឆ្លើយតបត្រៀមបង្ការទប់ស្កាត់ជំងឺប៉េស្តជ្រូក ។
កិច្ចការងារនេះមន្រ្តីជំនាញពេទ្យសត្វនៅតែបន្តពង្រឹងតាមដានត្រួតពិនិត្យជាប្រចាំអំពីសុខភាពសត្វនៅកសិដ្ឋានចិញ្ចឹមជ្រូក និងនៅទីសត្តឃាត និងទប់ស្កាត់នៃការនាំចូលសត្វជ្រូកគ្មានច្បាប់ និងគ្មានប្រភពច្បាស់លាស់ ។
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ទូច ប្រាប់ឲ្យដឹងថា នៅខេត្តបន្ទាយមានជ័យមកដល់ពេលនេះមិនទាន់មានករណីផ្ទុះរីករាលដាលជំងឺប៉េស្តជ្រូកនៅឡើយនោះទេ ។ លោកថាជំងឺប៉េស្តជ្រូកមិនឆ្លងមកមនុស្សនោះទេ វាគ្រាន់តែបង្កឲ្យខាងបង់សេដ្ឋកិច្ចដល់កសិករចិញ្ចឹមជ្រូក ។ វិរុសជំងឺប៉េស្តជ្រូកវាកាចសាហាវបង្កឲ្យសត្វជ្រូកស្លាប់ក្នុងអត្រាខ្ពស់ ។ វិរុសប៉េស្តជ្រូកអាហ្វ្រិកគ្មានថ្នាំព្យាបាល វាធន នឹងបរិយាកាសខាងក្រៅទាំងអាកាសធាតុក្តៅ និងត្រជាក់ ហើយវារស់នៅមានជីវិតក្នុងផលិតផលសាច់ជ្រូករយៈពេល១ពាន់ថ្ងៃ ។
សូមបញ្ជាក់ថាការប្រកាសពីអាជ្ញាធរខេត្តបន្ទាយមានជ័យឲ្យចាត់វិធានការបង្ការទប់ស្កាត់នៃការរីករាលដាលជំងឺប៉េស្តជ្រូក ដោយជម្រុញឲ្យមន្រ្តីជំនាញចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់អ្នកចិញ្ចឹមសត្វជ្រូក,ចុះតាមដានអង្កេតស្រាវជ្រាវឲ្យបានហ្មត់ចត់អំពីស្ថានភាពសុខភាពជ្រូក និងអនុវត្តវិធានការសុវត្ថិភាព,ត្រួតពិនិត្យ ចលនា ចរាចរណ៍សត្វជ្រូក ផលិតផលសាច់ជ្រូក ក្នុងរង្វង់ដែនដីខេត្ត និងទប់ស្កាត់ការនាំចូលសត្វជ្រូកគ្មានច្បាប់អនុញ្ញាត ៕សំ វិច្ឆិកា