ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញបន្តដាក់បណ្តាញលូមេ ដើម្បីដោះស្រាយទឹកលិចនៅផ្លូវលេខ៣១៥ គ្រោងបញ្ចប់ នៅចុង ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបន្តឲ្យកម្លាំងចុះផ្លាស់ប្ដូរប្រព័ន្ធលូ នៅតាមមហាវិថី និងវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញដើម្បីបង្ហូទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងម្ដងៗតែងតែលិចរហូតមកធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

ជាក់ស្ដែង នៅតំបន់ផ្សារមាន់អាំង ផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រដ្ឋបាលរាជធានីភ្នំពេញបន្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជរាធានីភ្នំពេញ ជំហានទី៤ ហិរញ្ញប្បទានឥតសំណងពីប្រជាជនជប៉ុនជាសក្ខីភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ដាក់បណ្តាញលូមេ ដើម្បីដោះស្រាយទឹកលិច ដូច្នេះតំបន់នោះមានការប្រឈមនឹងការធ្វើដំណើរចរាចរណ៍ចង្អៀត ព្រោះស្ថានភាពផ្លូវមួយចំហៀងជាការដ្ឋាន សូមគ្រប់អ្នកបញ្ជាយានយន្តយោគយល់ អព្យាស្រ័យគ្នា និងចូលរួមគោរព នគរបាលចរាចរឈរជើងនៅទីតាំងនេះ បញ្ជៀសចរាចរ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ការងារដាក់លូផ្លូវលេខ៣១៥ ដែលជាគម្រោងការពារទឹកជំនន់ជំហាន៤របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA គិតមកដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះបានសម្រេចការងារមួយចំនួនរួមមាន ដាក់លូប្រអប់ទំហំ២ម៉ែត្រ×២ម៉ែត្រប្រវែង៦០ម៉ែត្រចាប់ពីផ្លូវលេខ៣១៥ដល់អាងស្តុកទឹកទួលគោក១(ត្រឡោកបែក) ។ ដាក់ លូមូលមុខកាត់ទំហំ២ម៉ែត្រប្រវែង១៨២៤ម៉ែត្រចាប់ពីផ្លូវលេខ៥១៦ដល់ផ្លូវលេខ៦០៨ ។ លោកបញ្ជាក់ថាការងារនេះបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩គ្រោងនឹងបញ្ចប់នៅ ខែតុលា ឆ្នាំ២០២០ ។

គួរបញ្ជាក់ថាគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤នេះមានទឹកប្រាក់សរុបប្រមាណ៣០លានដុល្លារអាមេរិកដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA ។ គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋានដូចខាងក្រោមក្នុងនោះរួមមាន៖១–ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រ ខណ្ឌទួលគោកប្រវែង៨.២គីឡូម៉ែត្រ ។ ២–ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញប្រវែង៤.៤គីឡូម៉ែត្រ ។ ៣–សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC ។

៤–តម្លើងរបាមេកានិចស្វ័យប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខព្រះគន្លង់១ព្រះគន្លង់២ និងផ្សារចាស់ ។ ៥–ផ្តល់រថយន្តបូមទឹកចល័តចំនួន២គ្រឿង ។

បន្ថែមពីលើនោះផងដែររដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាគណៈបញ្ជាការឯកភាព ខណ្ឌទាំង ១៤ ខណ្ឌនៅក្នុងរាជធានីភ្នំពេញក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅនៅជាប់ដងផ្លូវជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូនៅចំពីមុខផ្ទះរបស់បងប្អូនសូមបងប្អូនមេត្តាជួយយោគយល់នៅការកក់ស្ទះ និងជួយរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងពិនិត្យមើលគំរបលូនៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំង និងសូមជួយសំអាតដើម្បីកុំឲ្យមានសំរាមហូរចូលដល់មាត់លូនោះអាចបង្កឲ្យមានការកកស្ទះ ៕ ជ្រោយពេជ្រ


ចែករំលែក៖