ខេត្តសៀមរាប៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ឃាត់ខ្លួនបុរសម្នាក់ជនជាតិ ភូមា កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ពីបទឆបោក (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) ។
លោកវរសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលខេត្តសៀមរាបបានប្រាប់ឲ្យដឹងថា៖ ជនបរទេសរូបនេះ ឈ្មោះ OKKAR KYWE ភេទប្រុស កើតថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៩០ ជាជនជាតិ ភូមា កាន់លិខិតឆ្លងដែន (ថតចម្លង) លេខMA៩៩១៤៧៩ មុខរបរអ្នកចាត់ការទូទៅ របស់ក្រុមហ៊ុនទេសចរណ៍ Adventure Cambodia ស្នាក់នៅភូមិ គ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
លោកបានបន្តទៀតថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យបានចេញមូលប្បទានប័ត្រធនាគារ កាថេយូណៃធីត ចំនួន ០១សន្លឹក មានទឹកប្រាក់១៥០០$ ឲ្យទៅសណ្ឋាគាររ៉ូយ៉ាល់អង្គររីសត ដើម្បីទូទាត់ប្រាក់ដែលខ្លួននៅជំពាក់សណ្ឋាគារថ្លៃបន្ទប់ ប៉ុន្តែពេលដែលសណ្ឋាគារយកមូលប្បទានប័ត្រនោះទៅធនាគារដើម្បីបើកប្រាក់ ខាងធនាគារបានបញ្ជាក់ថា មូលប្បទានប័ត្រនេះ ពុំមានសាច់ប្រាក់ទេ បន្ទាប់មកទៀតជនសង្ស័យបានព្យាយាមពន្យារពេលមិនព្រមដោះស្រាយជាមួយខាងសណ្ឋាគាររហូតមក ទើបត្រូវខាងសណ្ឋាគាររ៉ូយ៉ាល់អង្គររីសត ដាក់ពាក្យបណ្តឹងប្តឹងតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ប៊ុនរិទ្ធី