ព័ត៌មានទាន់ហេតុការណ៍៖

បន្តឃាត់ខ្លួនស្រ្តីរកស៊ីផ្លូវភេទ បាន៣នាក់ទៀតហើយ នៅរង្វង់មូលរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបន្តចុះប្រមូលស្ត្រីរកស៊ីផ្លូវវភេទជាប្រចាំថ្ងៃ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសគឺនៅចំណុចរង្វង់មូលរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ គឺជាកន្លែងដែលស្រ្តីទាំងនោះ តែងតែនាំគ្នាឈរទាក់ម៉ូយ ដើម្បីរកសេវាបម្រើផ្លូវភេទ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនិយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០យប់ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍នគរបាលវត្តភ្នំ បានបន្តចុះបង្ក្រាបករណីស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី១៧ ខែកក្កដានេះ សមត្ថកិច្ចបានប្រមូលស្រ្តីរកស៊ីផ្លូវភេទសរុបរួមចំនួន៣នាក់ ក្នុងនោះស្រីទាំងអស់ ។

ក្រោយឃាត់ខ្លួនស្រ្តីរកស៊ីផ្លូវភេទខាងលើនេះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីអប់រំ ហើយកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ ៕ ស រស្មី


ចែករំលែក៖