ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ កម្ពុជា ជាកន្លែងផ្ទុកសំរាមបរទេសមែនទេ ?

ចែករំលែក៖

ក្នុងនាម«នាយជាល»ជាកូនខ្មែរមួយរូប ហាក់ដូចជាមានការអាម៉ាស់ខ្លួនឯងណាស់ កាលបើ​បានដឹងថា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុឯណោះ សមត្ថកិច្ចជំនាញទើបរក​ឃើញនៅ​ក្នុងទូកុងតឺន័រចំនួន៨៣ ត្រូវក្រុមឈ្មួញបញ្ជូនកាកសំណល់សំរាមមកបោះចោលនៅស្រុកខ្មែរ​ដែលទង្វើនេះអាចចាត់ទុកជាការមាក់ងាយដល់ស្រុកខ្មែរថាជាកន្លែងចាក់សំរាម ជាប្រទេស​មាន​​តម្លៃស្មើសំរាម ?

នេះមិនមែនជាលើកទី១ទេ ដែលបរទេសមើលងាយខ្មែរ ក្នុងការដឹកសំរាមទាំងកុង​តឺន័រ​ៗតាម​​កប៉ាល់ ចំណាយលុយរាប់ម៉ឺនដុល្លារមកចាក់ចោលនៅស្រុកខ្មែរ ព្រោះតែស្រុកគេ គ្មានកន្លែង​ចាក់សំរាមដូចស្រុកយើង ។ តាមនាយជាលដឹង កាលពីអំឡុងចុងទស្សវត្សទី៩០ មានករណី​បែបនេះកើតឡើងម្តងដែរ ហើយកាលនោះបានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋខ្មែរ មានប្រតិកម្មយ៉ាងខ្លាំងទៅនឹងក្រុមហ៊ុនឯកជនមួយដែលម៉ៅការ ដឹកសំរាម បន្លំថាជាទំនិញស្របច្បាប់ ឲ្យដឹកសំរាមតាមកប៉ាល់បញ្ជូនទៅចាក់ចោលនៅ​ស្រុកគេវិញ ។ កាលណោះក៏មានមន្រ្តីពាក់ព័ន្ធរឿងនេះជាពិសេសមន្រ្តីគយម្នាក់ ត្រូវបានបណ្តេញចេញ ពីក្របខណ្ឌរដ្ឋ និងដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ។ ចុះលើកទី២នេះ យ៉ាងម៉េចដែរ ?

បើមិនចន្លោះប្រហោងទេ នាយជាលគិតថា តាមរយៈឯកសាររបស់ក្រុមហ៊ុននាំចូលសំរាមនេះ មានស្រាប់ សមត្ថកិច្ចជំនាញនឹងមិននៅព្រងើយកន្តើយក្នុងការស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុនមក ទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ ជាពិសេសត្រូវស្រាវជ្រាវរកឲ្យឃើញក្រែងមាន​មន្រ្តី​ណាខ្លះពាក់ព័ន្ធរឿងនេះ ?

នាយជាលគិតថា ជាង៣០ឆ្នាំហើយដែលកម្ពុជា មានសុខសន្តិភាព ហើយប្រជាពលរដ្ឋខ្មែរ​កំពុងរួមគ្នាអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើនដូចប្រទេសជិតខាង ចុះហេតុអីបានជាបរទេសមើល​ងាយ​ស្រុកខ្មែរដែលកំពុងអភិវឌ្ឍន៍ក្លាយជាប្រទេសជឿនលឿននឹងគេដែរនោះ ទៅជា​កន្លែងចាក់​សំរាម ?​

យ៉ាងណាក៏ដោយ នាយជាល ឈឺចាប់ និងមានការអាម៉ាស់ណាស់ គ្រាដែលប្រទេសជិតខាង​ខិតខំកសាងប្រទេសឲ្យ​ប្រែ​ក្លាយមានរោងចក្រធំៗ ប្រឹងផលិត ផលិតផលទំនើបៗ ទាន់​សម័យឲ្យប្រជាពល​រដ្ឋប្រើប្រាស់ ឯកម្ពុជាឯណេះវិញ ត្រូវបរទេសមើលងាយចាត់​ទុកជា​កន្លែង​ផ្ទុកសំរាម ៕ នាយជាល

 


ចែករំលែក៖