ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាកុង៦គ្រឿង ពាក់ព័ន្ធដឹកឈើល្មើសច្បាប់ ត្រូវកម្លាំងចម្រុះខេត្ត ចុះរុករកឃើញជាបន្តបន្តទៀត និងត្រូវដុតកម្ទេចចោល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្ត ដឹកនាំដោយលោកអៀង វាន់ឌី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ រួមមានអាវុធហត្ថខេត្ត មន្ត្រីបរិស្ថានខេត្ត រដ្ឋបាលព្រៃឈើខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវរកឃើញរថយន្តបាកុង ចំនួន៦គ្រឿងបន្តទៀត ដែលមានពីទីតាំងផ្សេងពីគ្នា ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើល្មើសច្បាប់កន្លងមក នៅក្នុងទីតាំងភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ចំនួន៤គ្រឿង និងនៅភូមិច្រប់ចំនួន ២គ្រឿង ស្ថិតក្នុងឃុំក្បាលរមាស ស្រុកសេសាន និងដុតកម្ទេចចោល ។

ប្រតិបត្តិការចុះរុករករថយន្តល្មើសនេះ កម្លាំងចម្រុះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងចំណុច២ផ្សេងគ្នា ទី១.ភូមិស្រែគរថ្មី៤គ្រឿង និងទី២.នៅភូមិច្រប់២គ្រឿង ក្នុងស្រុកសេសានខេត្តស្ទឹងត្រែង ។

លោកអៀង វ៉ាន់ឌី បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការ នេះកម្លាំងចម្រុះបានចុះដល់ទីតាំង និងបានរកឃើញរថយន្តបាកុងក្នុងទីតាំងពីផ្សេងគ្នា ទី១ក្នុងភូមិស្រែគតថ្មីចំនួន ៤គ្រឿង និងគោលដៅទី២ នៅភូមិច្រប់ចំនួន២គ្រឿង ក្នុងថ្ងៃតែមួយ ហើយពេលនេះកម្លាំងចម្រុះកំពុងតែបន្តសកម្មភាពចុះរុករកបន្តទៀត នៅតាមទីតាំងផ្សេងៗដើម្បីឈានទៅរកការប្រមូលរថយន្តល្មើសទាំងនោះ ដើម្បីសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដុតកម្ទេចចោលនៅពេលក្រោយ ។

ក្នុងប្រតិបត្តិការនេះគណៈកម្មការចម្រុះបានរកឃើញឈើល្មើសច្បាប់មួយចំនួន ដែលគេដឹកយកមកទម្លាក់ចោល ក្បែរព្រៃ និងបានប្រគល់ឲ្យជំនាញ រឹបអូសចាត់ការតាមនីតិវិធីផងដែរ ។

បច្ចុប្បន្នមេបញ្ជាការអាវុធហត្ថខេត្ត លោកអៀង វាន់ឌី បាន និងកំពុងដឹកនាំកម្លាំងបន្តទៅកាន់គោលដៅផ្សេងៗទៀត ទូទាំងខេត្តស្ទឹងត្រែង ដើម្បីរុកកររថយន្តល្មើសច្បាប់ទាំងនេះ មិនទុកឲ្យធ្វើសកម្មភាព និងបម្រើផលប្រយោជន៍ឲ្យឈ្មួញ បំផ្លាញធនធានធម្មជាតិបន្តទៀតឡើយ ។

សូមបញ្ចាក់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកអៀង វាន់ឌី មរបញ្ចាការកងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវ និងរុករក រថយន្តកែឆ្នៃខុសបច្ចេកទេស ជាពិសេសរថយន្តបាកុង នេះតែម្តងដែលទុកបំរើការដឹកជញ្ចូនឈើ និងបំផ្លាញធនធានធម្មជាតិ នៅក្នុងក្រុមហ៊ុន(សៀ ម៉ុន) ដែលស្ថិតក្នុងទឹកដីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនេះបន្តទៀត៕ មាស សុផាត


ចែករំលែក៖