ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកបេតុង បុកហើយកិនស្ត្រីជិះកង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ជិះកង់ចេញពីផ្សារទិញម្ហូបត្រូវរថយន្តដឹកបេតុងបុកកិនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័ ហើយត្រូវបានរថយន្តស្តារិចបើកស្របទិសមកបុកកិនសពបន្ថែមទៀត ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភ្លើងស្តុប២០០៤ កែងផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ អាយុប្រហែលជាង៥០ឆ្នាំ ស្លៀកខោក្រណាត់ផ្កាជើងវែង ពាក់អាវ ដៃវែង ពណ៌ប្រផេះ ជិះកង់ពណ៌ខៀវ មានថង់ ម្ហូប អាហារ ។ រីឯអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តចោលពីកន្លែងកើតហេតុ ប្រហែល៥០០ម៉ែត្រ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះ បានជិញះកង់ ចេញពីផ្សារសិនជូរី មានថង់ត្រី សាច់ ម្ហូបអាហារ ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចភ្លើងស្តុបខាងលើ ស្រាប់តែ មានរថយន្តបង្ក ម៉ាក CHENGLONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2386 ប្រភេទដឹកបេតុង អ្នកបើកបរពីត្បូងទៅជើង ជ្រុលមកបុកស្ត្រីរងគ្រោះ កំពុងជិះកង់ បណ្តាលឲ្យស្លាប់ ដាច់ខ្លួនជា២កំណាត់ ហើយបើកទៅហួស ផុតសព ត្រូវបានរថយន្ត ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខលេខ ភ្នំពេញ 2AM-6234 បើកបរដោយជនជាតិចិន ដែលបើកស្របទិសគ្នា តាមពីក្រោយហ្វ្រាំងមិនទាន់ ជ្រុលមកកិនសពបន្ថែម ហើយអ្នកបើកបរចុះរត់គេចខ្លួនបាត់ដែរ ។ រថយន្តបង្ក ដឹកបេតុង ទោះជាព្យាយាមបើករត់ យ៉ាងណាក្តី ត្រូវបានសមត្ថកិច្ច ដេញតាមឃាត់ បានរថយន្ត តែអ្នកបើកបរ លោតរត់គេចខ្លួនទៅបាត់ ។ ចំណែករថយន្តទី២ ស្តារិច ត្រូវបាន សមត្ថកិច្ច ឃាត់នាំទៅផ្នែកជំនាញជាបណ្តោះអាសន្ន ។

ក្រោយកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា ដើម្បីបន្តស្រាវជ្រាវស្វែងរកសាច់ញាតិ ចំណែករថយន្ត២គ្រឿង រថយន្តដឹកបេតុង និងរថយន្តស្តារិច ត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖