ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ហើយត្រូវប្រជាពលរដ្ឋហៅកង់បីឥណ្ឌាដឹកយកទៅមន្ទីពេទ្យភ្លាមៗ ខណៈជិះម៉ូតូបត់ឆ្លងផ្លូវ ក៏ត្រូវរថយន្តបុកពេញទំហឹង កាលពីវេលាម៉ោង ១០ និង១៥នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាលេខ កំពង់ស្ពឺ 1G-3051បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុបំណងបត់ឆ្លងផ្លូវមកខាងក្រោយវិញ ក៏ត្រូវរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌កណ្ដុរល្មែះ ពាក់ស្លាកលេខ ភ្នំពេញ 2AX-4084 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅបុកម៉ូតូបុរសខាងលើពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តអូសជាង២០ម៉ែត្រ និងធ្វើឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ។
ក្រោយកើតហេតុភ្លាមៗ មានប្រជាពលរដ្ឋល្អបានហៅកង់បីឥណ្ឌាដឹងជនរងគ្រោះយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកម្ចាស់រថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល ។
បន្ទាប់មក សមត្ថកិច្ចនគរបាលមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ ហើយបានឲ្យជំនាញចរាចរណ៍ខណ្ឌដង្កោ វាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ ភារ៉ា ដង្កោ