ភ្នំពេញ៖ ម្ចាស់ជ័យលាភីលេខ៣ក្នុងការប្រកួតសំនៀង DP គឺកំលោះសង្ហា ឃីង សាន់ ចាប់ផ្តើមលេចមុខមាត់ខ្លាំងចាប់តាំងពីដើមឆ្នាំ២០១៩មក ។ លេចធ្លោគ្រោយពីតារារូបនេះ បញ្ចេញសមត្ថភាពច្រៀងក្នុងកម្មវិធីតូចធំជាច្រើនបន្តបន្ទាប់ ។
សមត្ថភាពច្រៀង និងរូបសម្រស់ស្រស់សង្ហា ធ្វើឲ្យ ឃីង សាន់ ឆាប់ឆក់បានការគាំទ្រពីទស្សនិកជន ។ ត្រឹមរយៈពេល៦ខែដើមឆ្នាំនេះ លោកទទួលបានការងារសិល្បៈច្រើនជាបន្តបន្ទាប់ ពិសេសការច្រៀងនៅតាមកម្មវិធីប្រគុំតន្ត្រីតូចធំចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍នានា និងកម្មវិធីលេងហ្គេមកម្សាន្តជាដើម ។ តារាប្រុសរូបនេះបញ្ជាក់ថា ពិតជារំភើបដែលការងារសិល្បៈរីកចម្រើនខ្លាំងមិននឹកស្មានដល់ ។
លោកថា បច្ចុប្បន្នលោកក៏ជាអ្នកច្រៀងប្រចាំហាងពីរដែរគឺភោជនីយដ្ឋាន Friend House និងហាងសាច់អាំង ហេងហេង 2H ។ ក្រៅពីនេះលោកក៏ជាពិធីករវិទ្យុ DP ផងដែរដែលលោកលើកឡើងថា ពិតជារវល់ច្រើន ហើយមិនទាន់នឹកគិតដល់ការចូលរួមប្រឡូកវិស័យសម្តែង ។ លោកថាត្រូវលែលកពេលវេលាច្រើនដើម្បីធ្វើការងារ ដូចនេះលោកមិនទាន់សម្រេចចិត្តទទួលការសម្តែងភាពយន្តនៅឡើយ បើទោះបីជាជាការងារដែលលោកពេញចិត្តក៏ដោយ ។ លោកថាត្រូវរងចាំពេលវេលាល្អដើម្បីសម្រេចចិត្ត ពិសេសគឺពេលវេលាគ្រប់គ្រាន់ ។
តារាចម្រៀងវ័យ២៣ឆ្នាំរូបនេះលើកឡើងដែរថា លោកមានគម្រោងបញ្ចេញបទចម្រៀងថ្មីក្បាច់រាំ ឪនិងការតុបតែងខ្លួនបែបថ្មីប្លែកបន្ថែមដើម្បីបំពេញចិត្តការគាំទ្ររបស់ទស្សនិកជន ហើយលោករំពឹងថា ចុងឆ្នាំ២០១៩នេះ លោកនឹងទទួលបានការងារថ្មីៗបន្ថែមផងដែរ ៕ វឌ្ឍនា