ខេត្តរតនគិរី៖ លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ទីបំផុតត្រូវបានក្រសួងយុត្តិធម៌ផ្អាកការងារជាបណ្តោះអាសន្ន បន្ទាប់ពីក្រសួងយុត្តិធម៌ បានទទួលនូវលិខិតលេខ៦៥១ អយប ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការចោទប្រកាន់លើរូប លោក ជា ពេជ្រ ពីបទ ផិត ប្រព្រឹត្តនៅខេត្តរតនគិរី និងនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៧ អនុវត្តទោសមាត្រា១០ នៃច្បាប់ស្តីពី ឯកពន្ធភាព តាមដិកាសន្និដ្ឋានបញ្ជូនរឿង ឲ្យសើបសួរលេខ៣២៦០ អយប ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
សូមរម្លឹកថា៖ លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរីត្រូវបានភរិយាខ្លួន បង្ហោះហ្វេកប៊ុក គំរាមថា បើមិនចូលមកដោះស្រាយគ្នាទេ! និងប្ដឹងទៅ ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ! និងតាមផ្លូវតុលាការទៀត ទីបំផុតលោកត្រូវអស់តំណែង និងជាប់បណ្តឹងអាជ្ញា តាមពាក្យបណ្តឹងរបស់ភរិយា ។
បើតាម អាខោនface book ដែលមានឈ្មោះLeakkhena Hean ធ្លាប់បានផុសនៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩ និងអះអាងថា ខ្លួនជាភរិយាស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រតនគិរី ដោយមានភ្ជាប់មកជាមួយ នូវរូបថត អាពាហ៍ពិពាហ៍ លិខិតបញ្ជាក់អាពាហ៍ ពិពាហ៍ រួមនិងរូបថតប្ដីប្រពន្ធកូនជាលក្ខណៈគ្រួសារ រវាងអ្នកស្រីនិងលោក ជា ពេជ្រ និងបញ្ជាក់ថា “សូមឱ្យលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៅខេត្តរតនគិរី អញ្ជើញមកដោះស្រាយបញ្ហាក្នុងគ្រួសារជាមួយខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់ ជាបន្ទាន់ “ ។ បើមិនចូលមកដោះស្រាយទេនោះ នាងខ្ញុំនឹងប្តឹងដល់៖១-ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ២- ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ៣- អង្គភាពប្រឆាំងអំពើពុករលួយ ។ ៤- ប្តឹងទៅតុលាការ ពីបទ ឯកពន្ធភាព និងសូមឲ្យលោក ជា ពេជ្រ កុំបញ្ជាគេឱ្យមកគម្រាមកំហែងទៀត ខ្ញុំនឹងប្តឹងថា បើមានគ្រោះថ្នាក់អ្វីកើតឡើង គឺលោក ជា ពេជ្រ ត្រូវទទួលខុសត្រូវទាំងស្រុង ។
បើបងប្អូនណាបានឃើញព័ត៌មាននេះហើយ សូមជួយជម្រាបជូនដំណឹងទៅលោក ជា ពេជ្រ ផង ។ សូមអរគុណ ។
ដូច្នេះមកទល់ពេលនេះ មានព្រះរាជអាជ្ញាចំនួន២រូបហើយ ដែលប្រឡូកចូលរឿងល្បែងស្នេហា ផិតក្បត់ រហូតដល់បាត់បង់តំណែង ទី១-លោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ផិតប្រពន្ធ មានស្រីប្រពន្ធតាមទាន់ជាច្រើនលើក និងទី២-លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី មានស្រីថ្មី និងលេងល្បែងសុីសងក្នុងភូមិគ្រិះរបស់ខ្លួន ធ្វើឲ្យមហាជនស្អប់ខ្ពើមនូវទង្វើគ្មានគុណរបស់ពួកគាត់ ជាអ្នកច្បាប់តែប្រព្រឹត្តអំពើមិនថ្លៃថ្នូក្នុងសង្គម ។
ទីបំផុតរឿងខូចនិងស្រី ហើយឲ្យប្រពន្ធដឹង តើម្ទេសណាហិរ គឺអស់តំណែងដូចបំណង ខុសពីលោក ព្រហ្ម ម៉ាញ គាត់ឈប់ខូច ឈប់ខិល ឈប់មានស្រី ឲ្យប្រពន្ធដឹងនោះបានសុខ ហើយរួចខ្លួនទៀត៕ ឆដា