ភ្នំពេញ៖ ដើម្បីធានាប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម ដូចជា ជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អមានគុណភាពខ្ពស់ ដោះស្រាយបញ្ហា សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងកេ្មងទំនើងជាដើម ។
ជាក់ស្តែងនាពេលកន្លងមកលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រកាសថា៖ បើមន្រ្តីណាដែលទៅកាងពី ក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋានខ្លួន មន្ដ្រីនោះនិងទទួលការប្រមានតាមច្បាប់ការងាររដ្ឋ ត្រូវទទួលទោសទាន់ និង ប្រឈមការដកតំណែង ហើយមន្រ្តីក្រោមឱវាទ ទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួល សំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឲ្យមានសកម្មភាពប្រព្រឹត្ត បើកល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ ខ្លួនបើពុំដូច្នេះទេនឹងត្រូវដកតំណែងអស់ បុណ្យសក្តិជាមិនខាន ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់នេះ ឲ្យខាងតែបានដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម ជូនប្រជាពលរដ្ឋឲ្យបានល្អ ចាប់ពីពេលនេះតទៅ ។
លោកបន្ដថា៖ ល្បែងស៊ីសងខុសច្បាប់ ទាំងនោះ មានមន្ដ្រីនៅមូលដ្ឋានទៅកាង និងទទួលសំណូកពីគេហើយ ការរៀបចំសណ្តាប់ ធ្នាប់សាធារណៈនៅទីនោះគឺរៀបចំមិនកើតនោះទេ ។
ប៉ុន្តែបច្ចុប្បន្ននេះគេសង្កេតឃើញថា ទីតាំងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ដែលមានស្លាកយីហោ K38 ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញកំពុងកត់យ៉ាងរលូន គ្មានអាជ្ញាធរចុះបង្ក្រាបនោះទេ បើទោះបីជាសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិសុខ ភូមិ ឃុំ មានសុវត្តិភាពទាំង៩ ចំណុចជូនប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋលើកឡើងថា មួយរយះថ្មីៗនេះ គេឃើញទីតាំងកត់ឆ្នោតវៀតណាមជាច្រើនកន្លែងដែលមានស្លាកយីហោ K38 រាប់សិបកន្លែងកំពុងបើដំណើរយ៉ាងរលូន ហាក់ដូចជាមិនខ្វល់ជាមួយនិងអាជ្ញាធរនិងសមត្ថកិច្ចឡើយ ករណីនេះគេសង្ស័យថា ម្ចាស់ទីតាំងនោះខ្លាំងជាងលោកអភិបាលខណ្ឌ និង សមត្ថកិច្ចហើយមើលទៅនោះ បានជា គ្មានចំណាត់ការបង្ក្រាបទាល់តែសោះ ។ មិនតែប៉ុណ្ណោះកន្លងមកក្រុមមេឆ្នោតមួយចំនួនក៏ធ្លាប់ឈ្លោះគ្នារឿង ដើរគំរាមសម្លត់កូនកញ្ច្រែងណាមិនកត់ឆ្នោតឲ្យខ្លួននឹងប្រាប់សមត្ថកិច្ចឲ្យចាប់ ឬក៏នាំបក្ខពួកមកប្រើហិង្សាផងដែរ ។
បើតាមប្រភពសំងាត់មួយបានបង្ហើយប្រាប់ថា បច្ចុប្បន្ននេះនាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃក៏បានទទួលព័ត៍មានក្នុងការបើកល្បែងស៊ីសងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ដែលមានស្លាកយីហោ K38 នេះដែល ប៉ុន្តែមិនមានការបង្ក្រាបនោះទេ ហើយមិនដឹងពេលណាទើបខាងថ្នាក់ក្រសួងមហាផ្ទៃនឹងមានចំណាត់ការបែបណាចំពោះទីតាំងខាងលើនេះ៕ស តារា