ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើងម្ខាង បណ្តាលឲ្យមួយគ្រួសារប្រុសស្រីក្មេងចាស់៥នាក់រងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ មនុស្សមួយគ្រួសារ ប្រុស ស្រីក្មេងចាស់ ៥នាក់ បានរងរបួសក្បាលដៃជើងស្រាល ខណៈបើករថយន្តហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿន ហើយជ្រុលទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវបាក់អស់មួយកង់​ ឯរថយន្តក្រឡាប់ផ្ងាជើងម្ខាង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបរថយន្តមួយគ្រឿងម៉ាក​ ហាយឡែនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 2AX-7675 ធ្វើដំណើរជាលក្ខណះគ្រួសារ ប្រុសស្រីក្មេងចាស់៥នាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុផ្លូវបែកជាបួន កែងនឹងផ្លូវ១៩៣ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ចំណែករថយន្តបង្កបានក្រឡាប់ផ្ងារជើងនិងមានរបួសក្បាលនិងជើង ស្រាល៥នាក់ (ជាគ្រួសារប្រពន្ធកូន)។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖