ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចុះបង្ក្រាប រឹបអូសឈើកកោះ៩សន្លឹករក្សាទុក បណ្តោះអាសន្ន នៅក្រុមហ៊ុនឥណ្ឌា S.K

ចែករំលែក៖

ខេត្តរតនគិរី៖ ឈើកកោះចំនួន៩សន្លឹក ដែលក្រុមឈ្មួញដឹកយកមកលាក់ទុកនៅក្បែរក្រុមហ៊ុន SK(ឥណ្ឌា) រង់ចាំសភាពការណ៍ស្ងប់ស្ងាត់ នឹងដឹកបន្តយកទៅលក់នៅប្រទេសវៀតណាមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះរុករកឃើញបង្ក្រាប និងរឹបអូសយកទៅរក្សាទុកអស់ទៅហើយ នៅវេលាម៉ោង៨និង៣៩នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចនៅក្បែរក្រុមហ៊ុនS.K(ឥណ្ឌា)ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។

ក្នុងការចុះបង្ក្រាបនោះដែរ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្ត រួមទាំងកម្លាំងខេត្ត មូលដ្ឋាន និងផ្នែករដ្ឋបាលព្រៃឈើលំផាត់ កម្លាំងរដ្ឋបាលប៉ុស្តិ៍ឃុំត្រពាំងក្រហម ក៏បានចូលរួមផងដែរ ។

ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានប្រាប់ថា ឈើដែលរឹបអូសបានខាងលើជាប្រភេទឈើលេខ១ កកោះមានចំនួន៩សន្លឹក ប្រភេទក្តារងឿ មានមុខកាត់ធំៗប្រវែង៣ទៅ៤ម៉ែត្រ ស្មើនឹង២,០៨០ម៉ែត្រគូប ។

ក្រោយពីចុះរឹបអូសឈើកកោះនោះបាន កម្លាំងសមត្ថកិច្ចចម្រុះប្រមូលដឹកជញ្ជូនយកទៅផ្ញើទុកនៅក្រុមហ៊ុន S.K(ឥណ្ឌា) ជាបណ្តោះអាសន្ន ចាំបន្តតាមនីតិវិធី៕ ជីវ័ន្ត


ចែករំលែក៖