ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តឧត្ដរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក យិន ណារ៉េត សហការជាមួយលោក ជ័យ វាសនា មេប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះសហការជា មួយកម្លាំងនាយក ដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមានការសម្របសម្រួលពន្លាតដែនសមត្ថកិច្ចពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា កម្លាំងបានចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តឧត្តរមានជ័យ ។
នៅវេលាម៉ោង១៨,០០នាទី ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យពីរនាក់ប្តីប្រពន្ធនៅចំណុចផ្ទះជួលក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ជាប់ចោទពីបទរំលោភលើទំនុកចិត្ត ( ខ្ចីប្រាក់គេជាងពីរម៉ឺនដុល្លារ) ពីជនរងគ្រោះចំនួន ០៣ នាក់មិនសងហើយរត់គេចខ្លួន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ ភារុន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រពន្ធឈ្មោះ ចែស្រី អាយុ៥០ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង រស់នៅភូមិប៉េសេ សង្កាត់ទឹកថ្លា ។ សមត្ថកិច្ចបន្តថាក្នុងប្រតិបត្តិការនេះបានដកហូតរថយន្តម៉ាក Camry ឆ្នាំ2 000ពណ៌ត្រីឆ្លូញ០១គ្រឿង ពាក់ស្លាកលេខ 1G1187 ។ បច្ចុប្បន្នកំពុងនាំខ្លួនពីខេត្តកំពត មកខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតានីតិវិធី ៕ ប៉ែន នួន