ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ ខណៈនារី២នាក់បានស្រឡាញ់ភេទដូចគ្នា និងរស់នៅជាមួយគ្នាជាយូមកហើយស្រាប់តែម្តាយភាគីម្ខាងបានមកបំបែកអ្នកទាំងពីរកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងចំណុចមុខរោងចក្រកាត់ដេរសំលៀកបំពាក់ហុងវ៉ា ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធីសែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីជាម្តាយមានឈ្មោះ សុខ ដារ៉ា អាយុ៤១ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនស្រី២នាក់ក្នុងបន្ទុក មានស្រុកកំណើតនៅភូមិប្រពាយ ឃុំម៉ារាម ស្រុករមាសហែក ខេត្តស្វាយរៀង ។
ស្ត្រីខាងលើបានបន្តឲ្យដឹងទៀតថា កូនស្រីច្បងខាងលើដែលមានបញ្ហាជាមួយគាត់នេះ មានឈ្មោះស៊ិន លក្ខណា អាយុ២២ឆ្នាំ មុខរបរជាកម្មកររោងចក្រកាត់ដេរយីហោហុងវ៉ា រស់នៅបន្ទប់ជួលជាមួយគូស្នេហ៍(ភេទដូចគ្នា) នៅម្តុំផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីខាងលើបានបញ្ជាក់ថា នៅព្រឹកកើតហេតុ រូបគាត់បានធ្វើដំណើរចេញពីស្រុកកំណើត ដើម្បីមកនាំកូនស្រីគាត់ត្រឡប់ឲ្យទៅរស់នៅស្រុកកំណើត ជួបជុំជាមួយគ្នា និងប្អូនស្រីម្នាក់ទៀត ដែលកំពុងតែសិក្សាថ្នាក់ទី៩ ដើម្បីឲ្យបានមើលថែជីដូនចាស់ជរាអាយុ៧៥ឆ្នាំ ។
ស្ត្រីខាងលើបន្តថា ខណៈដែលមកដល់ គាត់ចូលអូសដៃកូនស្រីរបស់គាត់ឲ្យឡើងរថយន្តតាក់ស៊ី បែរជាកូនស្រីគាត់ប្រកែកប្រតាយប្រតបជាមួយគាត់ជាម្តាយ មិនព្រមទៅ ដោយកូនស្រីរូបនេះ ខ្លាចរូបគាត់មកពង្រាត់បំបែកបំបាក់គូស្នេហ៍ភេទដូចគ្នា យកនាងទៅរៀបការជាមួយបុរសផ្សេង បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មកររាប់ពាន់នាក់ ដែលកំពុងតែបំរើការនៅក្នុងរោងចក្រ ស្ទុះចេញមកចោមរោមមើលយ៉ាងច្រើនកុះករ ភ្លាមៗនោះខាងផ្នែករដ្ឋបាលបានតេសុំការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំការការពារសន្តិសុខសុវត្ថភាពដល់រោងចក្រខាងលើ ។
ក្រោយពេលសមត្ថកិច្ចទទួលបានព័ត៍មានខាងលើនេះ ក៏បានចុះទៅដល់ចំណុចរោងចក្រកាត់ដេរសំលៀកបំពាក់ហុងវ៉ា និងយកម្តាយ និងកូនស្រីមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីសាកសួអំពីមូលហេតុពិត ។
នៅចំពោះមុខសមត្ថកិច្ច យុវតីស៊ីន លក្ខណា បានបង្ហើបឲ្យដឹងថា រូបនាងតាំងពីដឹងក្តីមករស់នៅភ្នំពេញធ្វើជាកម្មកររោងចក្រជិតប្រាំឆ្នាំហើយមិនដែលគិតមានអារម្មណ៍ស្រឡាញ់មនុស្សប្រុស ឬក៏ចង់បានសង្សារជាមួយ នឹងមនុស្សប្រុសឡើយ ។
នាងប្រាប់ទៀតថា ស្នេហាដំបូងរបស់នាងគឺធ្លាប់មានការទំនាក់ទំនងជាមួយយុវតីភេទដូចគ្នា និងធ្លាប់រួមរស់នៅបន្ទប់ជួលជាមួយគ្នារយះពេល៣ឆ្នាំ តែម្តាយនាងបានបំបែកនាងចេញពីគ្នា ហើយនេះជាលើកទី២ហើយដែលនាងទទួលបានស្នេហាថ្មី ដែលមានភេទដូចគ្នា តែត្រូវម្តាយនាងមកបំបែក ។ នាងសុខចិត្តស្លាប់ បើមុនបានរស់នៅជាមួយគ្នា ។
គ្រាន់តែបានឭសម្តីកូនស្រីរបស់គាត់និយាយបែបនេះភ្លាមៗ ស្ត្រីខាងលើសុខចិត្តចុះចាញ់ទឹកចិត្តគូស្នេហ៍មួយនេះ ដោយសម្រក់ទឹកភ្នែកឡើងជិះម៉ូតូកង់៣ ត្រឡប់ទៅផ្ទះវិញ អស់មានពាក្យនិយាយ សូម្បីតែមួយម៉ាត់ ៕ សុខាសែនជ័យ