ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងលង់ទឹកស្លាប់ដឹងដល់សមត្ថកិច្ចនៅម៉ោង ៧ និង១៥នាទីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចប្រឡាយអាងទឹក៣០ កញ្ញា ក្នុងភូមិគ្រួស ឃុំ ដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ នឿន ផាត់ថាយ៉ា ភេទប្រុស អាយុ០៥ឆ្នាំ រស់នៅ ភូមិដូង ឃុំ ដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ ឈួន ឆាត់ ភេទប្រុស អាយុ ៣៧ឆ្នាំនៅភូមិឃុំ ជាមួយ(ត្រូវជាអ៊ុំបង្កើត) បានបំភ្លឺថា៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៦និង២៥នាទីគាត់បាននាំក្មួយប្រុសទៅបង់សំណាញ់ជាមួយ នៅចំណុចតំបន់ខាងលើ ដោយឲ្យក្មួយប្រុសអង្គុយលើម៉ូតូចាំ ពេលកំពុងបង់សំណាញ់បានប្រហែលកន្លះ ម៉ោង ស្រាប់តែរកក្មួយបាត់មិនឃើញ ក៏មករកនៅភូមិ ក្រែងវាមកផ្ទះ ក៏មិនឃើញទៀត ក៏នាំបងប្អូនរករាវរកក្នុងស្ទឹង៣០កញ្ញា វិញ តែដោយសាមេឃភ្លៀង និងមានខ្យល់ផង ហើយងងឹតទៀតក៏នាំគ្នាឈប់រក លុះព្រឹកឡើងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧.០០នាទី ទើបរកឃើញសាកសពអណ្ដែតទឹកឃ្លាតពីកន្លែងចាំម៉ូតូចម្ងាយប្រហែល២០០ម៉ែត្រ មិនដឹងស្លាប់ពីពេល ណានោះទេ ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញនគរបាល ស្រុក និងប៉ុស្ដិ៍នគរបាលឃុំ ដូង និងអាជ្ញាធរភូមិបានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីទេ ហើយអាចសន្និដ្ឋានបានថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។

មូលហេតុចុះ លេងក្នុងស្រះទឹក ។ សាកសពបានប្រគល់ជូនក្រុមគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖