ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវពីរក្រុម ជិះម៉ូតូដេញវាយគ្នាតាមដងផ្លូវបណ្តាលឲ្យស្លាប់១ របួសធ្ងន់៣

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវពីរក្រុមប្រដាប់ដោយដំបងដែក និងពិលឆក់​ ជិះម៉ូតូពីរគ្រឿង ដេញវាយគ្នានៅតាមដងផ្លូវសាធារណៈ បណ្តាលដួលបោកនឹងថ្នល់ ស្លាប់ម្នាក់ និងរបួសធ្ងន់ចំនួនបីនាក់ បង្កការភ្ញាក់ផ្អើកកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងកើតប៉ុស្តិ៍២៤ម៉ោង ប្រមាណជា១០០ម៉ែត្រ​ តាមបណ្តោយផ្លូវចោមចៅ  ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។
សពជនរងគ្រោះនិងអ្នករងរបួសមិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញក្មេងស្ទាវពីរក្រុម១ក្រុម មានគ្នាពីរនាក់ជិះម៉ូតូសុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1R-2453 និង១ក្រុមទៀត មានគ្នាពីរនាក់ ដូចគ្នាជិះម៉ូតូឌ្រីម សង់ស៊េរី២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HL-2022 ដោយជិះដេញវាយគ្នាក្នុងទិសដៅពីកើតលិចដោយចញ្ច្រាសផ្លូវចរាចណ៍ មានអ្នកខ្លះកាន់ដែករលាស់ និងពិលឆក់លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូទាំងពីរគ្រឿងបានដួល នឹងថ្នល់បណ្តាលខាងភាគីម៉ូតូនិច ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ចំណែកខាងភាគីម៉ូតូសង់ បានរងរបួសធ្ងន់ទាំងពីរនាក់ ភ្លាមនោះអ្នករងរបួសធ្ងន់ត្រូវបានរថយន្តស់សង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​

ចែករំលែក៖