ព័ត៌មានទាន់ហេតុការណ៍៖

លោកអធិការខណ្ឌមានជ័យដឹកនាំកម្លាំងដោយផ្ទាល់ ចុះបង្ក្រាបសង្វៀនជល់មាន់ ឃាត់ខ្លួនមនុស្ស២នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ លោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងនគរបាលដោយផ្ទាល់ធ្វើការចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិចម្រើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្ស២នាក់ ដកហូតបានវត្ថុតាងមួយចំនួនធំ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលញៀនល្បែរជល់មាន់ត្រូវឃាត់ខ្លួនបាននោះរួមមាន ៖ទី១ ឈ្មោះ លឹម ឆេងហូវ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ទាខ្វៃ ស្នាក់នៅផ្ទះលេខ៣ ផ្លូវលំ ភូមិកាកាប សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី២ ឈ្មោះ នួន សាវន ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិចម្រើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចដកហូតបាន ទ្រុងដែកសម្រាប់ក្រុងមាន់ចំនួន១៨, ជ័រថ្លាសម្រាប់ដាក់សត្វមាន់រួមគ្នាចំនួន១, កន្ត្រកសម្រាប់ដាក់សត្វមាន់ចំនួន២,ទូរសព្ទដៃចំនួន៣គ្រឿង និងលុយខ្មែរចំនួន៦២០០០០រៀល ផងដែរ។
សមត្ថកិច្ចបានបន្ថែមថា មុននឹងឈានដល់ការចុះបង្ក្រាបនេះ គឺសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋថាមានការលួចលេងល្បែងជល់មាន់ខុសច្បាប់នៅចំណុចដីឡូត៍ខាងលើ ទើបភ្លាមៗលោក ម៉េង វិមានតារាអធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះមកធ្វើការបង្ក្រាបផ្ទាល់តែម្តង។ ក្នុងនោះជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងវត្ថុតាងមួយចំនួនធំនាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមច្បាប់តែម្ដង ៕ ភារ៉ា ដង្កោ

ចែករំលែក៖