ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ លោក គង់ វិមាន អនុរដ្ឋលេខាធិការនិងជានាយខុទ្ទកាល័យក្រសួងសាធារណការ ចេញមុខមកបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកថា ផ្លូវគោកចែកចេញជា២ប្រភេទ ដែលបេក្ខជន កៅ សីហា ឆ្លើយបានត្រឹមត្រូវហើយក្នុងកម្មវិធី Heaven or Hell Cambodia និង អ្នកបកស្រាយខុសសូមកែតម្រូវផង ។
គួរបញ្ជាក់ថាថ្មីៗនេះ កម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia របស់ទូរទស្សន៍ហង្សមាស បានដាក់សំណួរថា “យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ។ ក្នុងនោះ បេក្ខជនដែលចូលរួមលេង លោកកៅសីហា បានជ្រើសរើសចម្លើយ២ប្រភេទគឺមានផ្លូវថ្នល់និងផ្លូវដែក ។ ប៉ុន្តែចម្លើយនោះបែរជាមិនត្រឹមត្រូវនោះទេ ដោយចម្លើយដែលត្រឹមត្រូវគឺមាន៣ប្រភេទ គឺ ផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវរុក្ខបាល។
លោក គង់ វិមាន សរសេរតាមបណ្តាញសង្គមហ្វេសប៊ុកថា ៖ ចូរឈ្វេងយល់ពីផ្លូវដើម្បីជៀសវាងការខុសឆ្គងផ្លូវគោកចែកចេញជា២ប្រភេទគឺ ៖
១). ផ្លូវថ្នល់ និង
២). ផ្លូវដែក
ផ្លូវថ្នល់ចែកចេញជា៤ប្រភេទទៀតគឺ ៖
១). ផ្លូវជាតិ
២). ផ្លូវខេត្ត
៣). ផ្លូវលំ(ផ្លូវជនបទ) និង
៤). ផ្លូវរុក្ខបាល
ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ ៖
១). ផ្លូវគោក
២). ផ្លូវទឹក និង
៣). ផ្លូវអាកាស ។
អ្នកបកស្រាយខុស សូមកែតម្រូវផង ដើម្បីកុំអោយមានការយល់ច្រឡំដល់មហាជន ដោយរាប់អាន ៕ស តារា