ព័ត៌មានទាន់ហេតុការណ៍៖

ស្រឡាញ់គ្នាបាន៤ខែវៃធ្វើបាប៤លើក ប្តឹងនគរបាលជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ គូស្នេហ៍វ័យក្មេងមួយគូរបានទំនាក់ទំនងស្នេហាជាសង្សារនឹងគ្នា ទើបតែបានរយះពេល៤ខែ បែរជាបុរសជាសង្ស័យប្រើហិង្សាជាញឹកញាប់មិនសំចៃដៃបណ្តាលឲ្យខៀវភ្នែកទ្រាំលែងបាន ប្តឹងនគរបាលឲ្យជួយអន្តរាគមន៍​ ឃាត់ខ្លួនកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួល ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល ។

នារីរងគ្រោះឈ្មោះ សេង សម្ភស្ស អាយុ២៦ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុបាន៤ថ្ងៃហើយ មានទីលំនៅភូមិព្រៃក្រាយ សង្កាត់ស្នោ ខណ្ឌកំបូល ។ ចំណែកបុរសជាគូរសង្សារ មានឈ្មោះ ប៉េង វិច្ឆិកា អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ។

តាមសម្តីភាគីខាងស្រីបានឲ្យដឹងថា នាងបានស្រឡាញ់គ្នាជាមួយបុរសខាងលើ អស់រយៈពេល៤ខែមកហើយ ហើយចំនួន៤លើកមកហើយ សង្សារប្រើអំពើហិង្សា ទ្រាំលែងបានប្តឹងប៉ូលិសចាប់ខ្លួនតែម្តង ។ នារីរងគ្រោះបានឲ្យដឹងទៀតថា តាមអ្វីដែលគូរសង្សារសន្យាជាមួយនាងនោះ គឺរៀបការ ឲ្យក្លាយជាប្តីប្រពន្ធស្របច្បាប់ ដោយសារការទំនុកចិត្តនាងបានរួមរស់ស្នាក់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធអីចឹងដែរ ទាំងមិនបានរៀបការ ទន្ទឹងការសន្យា ខាងប្រុសចេះតែអូសបន្លាយ លើកពេល លើកថ្ងៃរហូត ដល់នាងទ្រាំលែងបាន នូវអ្វីដែលជ្រុលជ្រួស ព្រោះអង្ករក្លាយជាបាយទៅហើយ ដើម្បីឲ្យទុកចិត្តគ្នា នាងបបួលនាំទៅចុះធ្វើលិខិតអាពាហ៍ពិពាហ៍ មង្គលការចាំពេលក្រោយក៏បាន តែខាងប្រុសចេះតែប្រកែក រកាំរកុសក្នុងសម្ព័ន្ធភាពស្នេហា ហិង្សាកើតមានញឹកញាប់ ឈ្លោះ ត្រូវ ស្មើគ្នា រយៈពេល៤ថ្ងៃចុងក្រោយមុនប្តឹង នាំគ្នាទៅជួលបន្ទប់ស្នាក់នៅក្នុងភូមិកំរៀង សង្កាត់កន្ទោក ។ ដល់ចំណុចនេះ នារីរងគ្រោះទួញទ្រហោយំ ស្រណោះខ្លួន មិនគួរឡើយណាស្នេហា អភ័ព្វ ជាំដិតដាមរាងកាយ ដោយអំពើហិង្សាបស់សង្សារទៅវិញ ព្រោះតែខឹងប្រើនាងដើរឲ្យរកបុល ខ្ចីលុយគេមិនបាន នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ស្លៀកពាក់រៀបនឹងចេញទៅធ្វើការទៅហើយ បុរសជាសង្សារ ផ្ទុះកំហឹងខឹងប្រើកណ្តាប់ដៃ វាយជាំភ្នែកឆ្វេង ធាក់សឹងបាក់ចង្កេះ យកខ្សែភ្លើងឆ្នឹងបាយចងរឹតក ស្ទើរក្ស័យជីវិត ចាក់សោបង្ខាំងក្នុងបន្ទប់ ទម្រាំរើរួចរត់ទៅប្តឹងប៉ូលិសចុះទៅ អន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង នាំទៅប៉ុស្តិ៍កន្ទោក ក្នុងជំហរមួយ ឲ្យចាត់ការតាមផ្លូវច្បាប់ ។

តាមបុរសជាសង្សារវិញ បានឲ្យដឹងថា មកពីខ្លួនខឹងពេក នាងជាសង្សារ គាស់ទ្វារបន្ទប់ជួល លួចយកឯកសារ សៀវភៅគ្រួសារ សំបុត្រកំណើត របស់គ្រួសារខ្លួន យកទៅបាត់ និងបង្ខំឲ្យ ចុះលិខិតរៀបអាពាហ៍ពិពាហ៍ ខណៈដែលខ្លួនមិនទាន់មានលទ្ធភាព ទើបទ្រាំលែងបាន វាយជ្រុលដៃ ប៉ោងភ្នែកនាងតែម្តង ហើយបុរសខាងលើ ក៏ទទួលនូវទង្វើរបស់ខ្លួនដែរ ពិតជាបានវាយនាងមែន ដោយសារខឹងពេក ទ្រាំលែងបាន ។

ដោយឡែក សមត្ថកិច្ច នគរបាលប៉ុស្តិ៍កន្ទោកបានឲ្យដឹងថា ករណីខាងលើ ក្រោយពីទទួលបណ្តឹងរបស់នារីរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍ចុះទៅឃាត់នាំខ្លួនជនសង្ស័យភ្លាមៗផងដែរ និងអនុវត្តន៍បន្តតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖