ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីហាយប្រឺដមួយគ្រឿង ត្រូវដើមឈើរលំសង្កត់លើខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ ដើមចាន់គីរីមួយដើម បានបាក់រលំសង្កត់លើរថយន្តមួយគ្រឿងបណ្ដាលឲ្យខូចខាតយ៉ាងដំណំ ខណៈដែលមានករណីខ្យល់កន្ត្រាក់បោកបក់ខ្លាំង កាលពីវេលាម៉ោង ២ និង ១០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវសហពន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តដែលរងការខូចខាតនោះ ម៉ាកកាមរីហាយប្រឺដ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2L-7895 ហើយនៅមុនពេលកើតហេតុ គឺរថយន្តរងគ្រោះបានឈប់ចតនៅចំណុចកើតហេតុក្បែរដើមឈើ ស្រាប់តែពេលនោះ មានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ធ្វើឲ្យដើមឈើមួយដើមនោះរលំគល់បាក់សង្កត់លើរថយន្តទាំងកំរោលបណ្ដាលឲ្យខូចខាតតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុទំនាក់ទំនងទៅខាងសាលារាជធានីភ្នំពេញ ចុះមកកាត់ដើមឈើនោះចេញ ដើម្បីយករថយន្តរងគ្រោះចេញ ។ ដោយឡែកម្ចាស់រថយន្តបានត្រឹមតែក្រវីក្បាលហើយបើរថយន្តទៅជួសជុលខ្លួនឯង ដោយមានអ្នកខ្លះនិយាយថាបើបើកបរបុកដើមឈើនោះសង ហើយបើដើមឈើដួលរលំសង្កត់លើរថយន្តវិញគ្មានអ្នកសងនោះទេ ៕ ស រស្មី


ចែករំលែក៖