ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីទាស់សំដីគ្នា ទាញកាំបិតផ្គាក់កាប់ស្លាប់ម្នាក់នៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីជនដៃដល់បានទាញកាំបិតផ្គាក់មកកាប់មកលើជនរងគ្រោះ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៦ និង៤៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិសំបុកគ្រៀល ឃុំក្រាំង ល្វា ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ គួក ខ្លី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅកន្លែងនេះ មានការជួបជុំផឹកស៊ីជាច្រើននាក់ ក្រោយពីផឹកស៊ីស្រវឹងហើយ ជនរងគ្រោះ និង ជនដៃដល់បានឌឺដង សំដីដាក់គ្នានៅក្នុងវង់ផឹកស៊ី ។ ដោយសារតែផឹកស្រវឹងផងជនសង្ស័យបានខឹងក្រោធយ៉ាងខ្លាំង ហើយស្ទុះទៅយកកាំបិតផ្គាក់ដែលនៅក្បែរនោះ កាប់សន្ធាប់ទៅជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់ រួចរត់ចេញពីកន្លែងកើតហេតុបានប្រហែលជាង១០០ម៉ែត្រ បានដួលនៅលើផ្លូវស្លាប់ក្នុងថ្លុកឈាមតែម្តង ។

ក្រោយពេលកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារមកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។ នៅពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចតាមរក ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕ ចន្ថា


ចែករំលែក៖