មន្ត្រីនៅតាមអង្គភាពនានាជុំវិញសាលាខេត្តពោធិ៍សាត់ខ្សឹបខ្សៀវតាមតុកាហ្វេ ក្រោយការចាប់ខ្លួនមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់៣នាក់ ដោយពួកគេអះអាងថា រឿងពុករលួយនៅខេត្តពោធិ៍សាត់ ដែលធ្ងន់ធ្ងរខ្លាំងណាស់ដែរនោះ គឹលោក ម៉ា សំអាត ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងបញ្ហាផ្ទេរកម្មសិទ្ធិដីធ្លី ក៏ដូចជាការបង់ពន្ធដីធ្លី ឬអចលនទ្រព្យ ក្នុងខេត្តពោធិ៍សាត់ ។ គេនិយាយថា ការទាមទារប្រាក់របស់លោកប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ មិនខុសពីក្រុមមន្ត្រីនៃមន្ទីរសុរិយោដីខេត្ត ដែលត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននោះទេ ។ លោក ម៉ា សំអាត វាយតម្លៃការទារពន្ធតែនៅលើបបូរមាត់ ពោលគឺកាប់ឆៅៗតែម្តង ។ ហេតុដូច្នេះហើយ បានជាក្រុមមន្ត្រីនានា នៅក្នុងខេត្តពោធិ៍សាត់ ចេះតែនាំគ្នាខ្សឹបខ្សៀវតាមតុកាហ្វេរឿងពុករលួយនេះ ។
បើតាមសេចក្តីរាយការណ៍បានបង្ហើបថា លោក ម៉ា សំអាត បានទទួលតំណែងជាប្រធានសាខាពន្ធដារ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ។ រយៈពេលជិត២ឆ្នាំ នៃការកាន់អំណាច ក្រៅតែពីអំពើពុករលួយ ឃុបឃិតគ្នាជាប្រព័ន្ធ លោក ម៉ា សំអាត ក៏បានកសាងកម្លាំងញាតិមិត្តនៅក្នុងអង្គភាពមិនតិចនោះដែរ ។ អំពើពុករលួយ បក្ខពួកនិយម បានកើតមាននៅក្នុងអង្គភាពមួយនេះ យ៉ាងសកម្ម គេខ្សឹបថា មានតែមន្ត្រី ដែលស្និទ្ធ ឬបក្ខពួកលោក ម៉ា សំអាត ប៉ុណ្ណោះ ដែលមានការងារធ្វើមិនសម្រាក រីឯអ្នកអត់ខ្សែទុយយោ រកតែអំបិលលិឌមិនបានផង ។ ពាក់ព័ន្ធនឹងបញ្ហាពន្ធដារឯណោះ ត្រូវគេអះអាងថា ការវាយតម្លៃ អាស្រ័យតែទៅលើការយល់យល់ឃើញរបស់លោកម៉ា សំអាត ។ រីឯឯកសារខ្លះ ដែលមិនមានផលប្រយោជន៍សម្រាប់លោកម៉ា សំអាត ត្រូវបានទុកចោល គ្មាននរណាគិតគូរដោះស្រាយជូនប្រជាពលរដ្ឋនោះឡើយ ។
ប្រភពពីមន្ត្រីនៅខេត្តពោធិ៍សាត់អះអាងថា ទំហំនៃអំពើពុករលួយរបស់ប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់មិនចាញ់ក្រុមមន្ត្រីនៃមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ប៉ុន្មានទេ ។ ជាងនេះទៅទៀត ការទារពន្ធដារទៅលើបញ្ហាអចលនទ្រព្យ គឺអាស្រ័យតែលើបបូរមាត់របស់ពួកមន្ត្រីពន្ធដារ ដែលស្និទ្ធនឹងលោក ម៉ា សំអាតប៉ុណ្ណោះ ។ ករណីនេះ ត្រូវបានគេជជែកគ្នាស្ទើរគ្រប់ទីកន្លែង ទាំងក្នុងចំណោមមន្ត្រីរាជការ ក៏ដូចប្រជាពលរដ្ឋ ដែលទៅបង់ពន្ធ ។ គេនិយាយថា ប្រជាពលរដ្ឋចង់បង់ពន្ធជូនរដ្ឋ ប៉ុន្តែស្ថាប័នជំនាញនៅខេត្តពោធិ៍សាត់ ហាក់ដូចជាបង្កការលំបាកដល់ប្រជាពលរដ្ឋទៅវិញ ។ ការបង់ពន្ធគ្មានអ្វីជាក់លាក់ ប្រាកដប្រជានោះឡើយ ផ្ទុយទៅវិញ វាអាស្រ័យតែទៅលើការសម្រេចរបស់លោក ម៉ា សំអាត តែប៉ុណ្ណោះ ៕