នៅក្នុងឯកសារប្រវត្តិសាស្ត្រ អ្នកអង្គម្ចាស់ប្រមុខទ័ពអង់គ្លេស Jeffery Amherst បន្ទាប់ពីបេសកកម្មរបស់គាត់ទៅប្រទេសចិន ក្នុងឆ្នាំ១៨១៧ ថា «ចិនជាយក្សកំពុងតែដេក! ចូរយើងកុំដាស់គាត់ ព្រោះតែកាលណាគាត់ដឹងខ្លួន គាត់នឹងធ្វើអោយពិភពលោកមានចលនាថ្មី» ។
ជាការពិតណាស់! ពេលនេះអាមេរិកបានដាក់ យក្សចិនឲ្យភ្ញាក់ពីដែក ដើម្បីប្រកួតប្រជែក គ្នា ដោយ«នៅម្នាក់ឯង គ្មានគួប្រកួត អប្សុកខ្លាំងណាស»។ ប៉ុន្តែក្រោយចិនភ្ញាក់ហើយបញ្ចេញសកម្មភាព អាមេរិក បែជាភ័យខ្លួន រកវិធីសាស្ត្រទប់ទល់ បើមិនដូច្នោះទេ និងត្រូវ ចិនយកមហាអំណាចពិភពលោកបាត់។
ក្រៅពីចិននៅមានប្រទេសជាច្រើន សុទ្ធតែមានគម្រោងឡើងលើសង្វៀនដែរ គ្រាន់តែឱកាសរបស់ពួកគេនៅស្តួចស្តើងនៅឡើយ។ សម្រាប់ឥណ្ឌា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Narendra Modi ឡើងកាន់ដំណែងឆ្នាំ ២០១៣ គោលនយោបាយថ្មីគឺ «ធ្វើនៅទិសខាងកើត (Act East Policy)» ត្រូវបានបង្កើតឡើង ដើម្បីជំនួសឲ្យគោលនយោបាយចាស់ «មើលទៅទិសខាងកើត” (Look East Policy)» (ណាមួយដោយសារកាលឆ្នាំ ២០១១ លោកស្រី Hillary Clinton បានទៅធ្វើទស្សនកិច្ចនៅឥណ្ឌា ហើយបានចំអកថា ឥណ្ឌាអើយ ល្មមដល់ពេលឈប់ Look East ប៉ុន្តែគួរតែ Act East ម្តង)។ ងាកទៅជប៉ុន គោលនយោបាយថ្មីគឺ គ្រាប់ពេជ្រសន្តិសុខអាស៊ី (Asian Security Diamond, ASD) ក៏ត្រូវបានបង្កើត នៅឆ្នាំ២០១៣ ពេលដែលលោកនាយករដ្ឋមន្ត្រី Shinzo Abe ជាប់ឆ្នោតជាលើកទីពីរ ហើយគោលនយោបាយនេះ គឺផ្តោតទៅលើការកសាងសមត្ថភាពជប៉ុននៅតំបន់អាស៊ី ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមប្រឆាំងការវាតទីរបស់ក្រុងប៉េកាំងទាំងនៅក្នុងសមុទ្រចិនភាគខាងកើត និងសមុទ្រចិនភាគខាងត្បូង។ ងាកទៅអូស្រ្តាលី គោលនយោបាយថ្មីគឺ «ឱបក្រសោបឥណ្ឌូប៉ាស៊ីហ្វិច (Embracing Indo-Pacific)» ត្រូវបានបង្កើតឡើងក្នុងកំឡុងឆ្នាំ ២០០៩-២០១០ ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ច សន្តិសុខ និងអត្តសញ្ញាណអូស្រ្តាលីនៅក្នុងតំបន់អាស៊ី ដោយមានការចូលរួមពីឥណ្ឌា និងអាមេរិក។ ងាកទៅរុស្សី គោលនយោបាយថ្មីគឺ Russia’s Pivot to Asia (ប្រហែលជាបរាជ័យបាត់ហើយ) ត្រូវបានបង្កើតឡើងឆ្នាំ២០១៤ បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្សី ក្រោយពេលរុស្សីភ្ជាប់តំបន់ គ្រីមា (Crimea) ដែលខ្លួនបានប្លន់ពីអ៊ុយក្រែន នៅឆ្នាំដដែលនោះ។ មើលចុះគ្រប់គ្នាសុទ្ធតែមានសន្លឹកបៀក្នុងដៃ តែហេតុអ្វីបានជាមានតែ កីឡាករពីរនាក់ (ចិន និងអាមេរិក) ដែលគេល្បីថាខ្លាំងនៅលើសង្វៀនអាស៊ី? ហើយមកទល់ចុងឆ្នាំ២០១៦ នេះ តើកីឡាករណាមួយមានប្រៀបជាង?
បើនិយាយជាទូទៅ ឥទ្ធិពលរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍មានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសផ្នែកទស្សនៈនយោបាយ សីលធម៌ (ខុងជឺនិយម – Confucianism) និងការធ្វើជំនួញ។ មកដល់ឆ្នាំ ១៨៩៥-១៨៩៨ អាណាចក្រចិនត្រូវបានចុះខ្សោយ បន្ទាប់ពីមានការហែកហួរពីពួកចក្រពត្តិជប៉ុន និងអឺរ៉ុប។ ចិនបាត់បង់រាជវង្សានុវង្សជាផ្លូវការនៅឆ្នាំ១៩១១ នៅពេលដែល ស៊ុន យ៉ាតសេន បានបង្កើតរបបសាធារណៈរដ្ឋចិន (Republic of China ដែលរាល់ថ្ងៃគឺចិនដីកោះ ឬហៅថាតៃវ៉ាន់)។ ក្រោយមកទៀត ក្រោយពី ម៉ៅសេទុង យកឈ្នះលើ ចាង កាយចៀក (សម្ព័ន្ធមិត្តអាមេរិក) ចិនបានប្រកាសខ្លួនជាប្រទេសកុំម្មុយនីសផ្លូវការ នៅឆ្នាំ១៩៤៩ នៅក្រោមស្លាកឈ្មោះ សាធារណៈរដ្ឋប្រជាមានិតចិន (People’s Republic of China)។ ចិនមានឥទ្ធិពលជាថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការគាំទ្រចលនាតស៊ូបែបកុម្មុយនីស ជាពិសេសនៅកម្ពុជា និងវៀតណាម ដើម្បីប្រឆាំងអាណានិគមនិយមរបស់លោកខាងលិចនៅក្នុងតំបន់។ ប៉ុន្តែភាពប្រែប្រួលក្នុងសម្ព័ន្ធភាពរវាងចិន សូវៀត និងអាមេរិក បានបង្កជាវិនាសកម្មយ៉ាងឈឺផ្សានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅពេលដែលសូវៀតបានដួលរលំនៅកំឡុងឆ្នាំ១៩៨៩-៩១ ចិន និងអាមេរិក ចាប់ផ្តើមរកវិធីលួងលោមប្រទេសនៅក្នុងតំបន់តាមរូបភាពផ្សេងៗគ្នា។ ខណៈអាមេរិកបានជួយរៀបចំខឿនសេដ្ឋកិច្ច និងនយោបាយ តាមរយៈការបង្កើតជំនួយផ្លូវរដ្ឋ និងស្ថាប័នក្រៅរដ្ឋាភិបាល និងជួយផ្គត់ផ្គង់ការពង្រឹងប្រជាធិបតេយ្យរបស់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ តាំងពីឆ្នាំ១៩៩០មក (ដោយមានការចូលរួមពីសម្ព័ន្ធមិត្តរបស់ខ្លួន មានដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងអឺរ៉ុបជាដើម) ចិនក៏ចាប់ផ្តើមមានវត្តមានជាអ្នកជួយសង្គ្រោះតំបន់មួយនេះ ជាពិសេសនៅឆ្នាំ១៩៩៧ ក្នុងកិច្ចអន្តរាគមន៍របស់ខ្លួនដោះស្រាយវិបត្តិសេដ្ឋកិច្ចអាស៊ី (Asian Financial Crisis, AFC) ដែលកើតចេញពីវិបត្តិលុយបាតរបស់ប្រទេសថៃ។
ការប្រកួតប្រជែងរវាងនាគ (ចិន) និងឥន្ទី្រ (អាមេរិក) មានលក្ខណៈស្រួចស្រាល់គ្រប់វិស័យចាប់ផ្តើមពីឆ្នាំ២០០០មក ។ ប៉ុន្តែវាកាន់តែស្រួចស្រាលខ្លាំងមួយកម្រិតទៀតចាប់ពីឆ្នាំ២០០៨មក បន្ទាប់ពីមានការផ្លាស់ប្តូរអ្នកដឹកនាំ និងរបបដឹកនាំទាំងក្នុង និងក្រៅតំបន់។ ក្រៅពីការប្រកួតផ្នែកសេដ្ឋកិច្ច និងនយោបាយ បញ្ហាសន្តិសុខ ជាពិសេសសមុទ្រចិនភាគខាងត្បូង ដែលចូលរួមពាក់ព័ន្ធស្ទើរមួយចំហៀងអាស៊ីអាគ្នេយ៍ ក៏បានជួយបង្កើនតង់ស្យុងនៃកំដៅរវាងមហាអំណាចទាំងពីរផងដែរ។ ប៉ុន្តែដើម្បីដឹងថា តើនរណាមានប្រៀបជាងនរណា យើងត្រូវវិភាគអោយបានល្អិតល្អន់លើព្រឹត្តការណ៍ និងស្ថានភាពនានាផ្សេងទៀតដែលកើតឡើងនៅក្នុងតំបន់ ក្នុងមួយរយៈចុ
ងក្រោយនេះសិន។
នៅឥណ្ឌូនេស៊ី បន្ទាប់ពីលោកប្រធានាធិបតីថ្មី Joko Widodo ស្នងតំណែងជំនួសលោក Sosilo Bambang Yudhoyono កាលពីឆ្នាំ២០១៤ កន្លងទៅ ប្រទេសនេះចាប់ផ្តើមបង្កើនការអភិវឌ្ឍខាងក្នុងជាង (Inward-Looking Policy of Widodo)។ កាលពីលោក Yudhoyono នៅកាន់ដំណែងគោលនយោបាយ «មិត្តភក្កិរាប់ពាន់ និងសត្រូវសូន្យ» (A thousand friends and zero enemies) ធ្វើអោយ ឥណ្ឌូនេស៊ីមានការសហការល្អជាមួយបណ្តាប្រទេសទាំងក្នុង និងក្រៅតំបន់។ ស្ថានភាពសិទ្ធិមនុស្សមានភាពប្រសើរ ហើយនយោបាយប្រជាធិបតេយ្យក៏ដើរបានរលូនដែរ។ ឥណ្ឌូនេស៊ីកាលនោះក៏ជាភាគីដ៏សំខាន់ក្នុងការផ្សះផ្សាបញ្ហាតំបន់ ពិសេសធ្វើជាភាគីផ្សះផ្សាជម្លោះព្រំដែនកម្ពុជា-ថៃ (កាលនោះលោករដ្ឋមន្ត្រីការបរទេស Marty Natalegawa ដើរតួនាទីយ៉ាងសំខាន់)។ ប៉ុន្តែថ្មីៗនេះ ឥណ្ឌូនេស៊ីបានប្រកាសជំហរយ៉ាងរឹងមាំរបស់ខ្លួន ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ខ្លួន ដោយបានបាញ់នាវាបរទេសជាង ១៧០ (ពិសេសរបស់វៀតណាម និងចិន) ដែលចូលមកដែនទឹករបស់ខ្លួនខុសច្បាប់។ ទង្វើបែបនេះបានបង្កជាការបារម្ភពីក្រុងវ៉ាស៊ីនតោន លើការតាំងចិត្តរក្សាសាមគ្គីភាពក្នុងតំបន់ តែជាមួយគ្នានេះការបាញ់នាវាចិន ក៏បង្ហាញពីការតាំងចិត្តរបស់ឥណ្ឌូនេស៊ី ក្នុងការប្រឆាំងការឈ្លានពានពីចិនលើដែនទឹកនៃកោះ Natuna ដែរ។ អ្វីដែលគួអោយបារម្ភខ្លាំងនោះ គឺការអនុវត្តទោសប្រហាជីវិតជនរត់ពន្ធគ្រឿងញៀន ដែលកន្លងទៅឥណ្ឌូនេស៊ីបានប្រហារជីវិតឧក្រិដ្ឋជនគ្រឿងញៀនជនជាតិអូស្ត្រាលី ប្រេស៊ីល ម៉ិកស៊ីកូ នេស៊ីរីយ៉ា និងហូឡង់ផងដែរ ហើយសកម្មភាពនេះត្រូវបានព្រមានមិនតិចទេ ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលជាស្ថាប័នដឹកនាំដោយលោកខាងលិច៕