ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ Ford Ranger បុករថយន្ត​ Highlander វិលមួយជុំ​ នៅផ្លូវបែកជាបួន

ចែករំលែក៖

ភ្នំពេញ​ ៖ រថយន្ត​Ford Ranger បើកបុករថយន្ត Highlander វិលមួយជុំ​ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង​ រងការខូចខាតដូចគ្នា​ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ​ គ្រាន់តែម្ចាស់រថយន្តទាំងសងខាង​ប្រកែកគ្នា​យកត្រូវរៀងខ្លួន​ ទើបសមត្ថកិច្ចអូសយកទៅ​ទុក​រង់ចាំដោះស្រាយពេលក្រោយ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីពាក់កណ្ដាល​អធ្រាត្រ​ ឈានចូលថ្ងៃច័ន្ទ​ ទី០៥​ ខែសីហា​ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវហាណូយ​ កែងផ្លូវឧកញ៉ាម៉ុង​រិទ្ធី ​(ផ្លូវ១៩២៨) សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ ថា​ នៅមុនពេលកើតហេតុ​ គេឃើញ​រថយន្តមួយគ្រឿង​ ម៉ាកតូយ៉ូតា​ ហាយឡែនឌ័រ​ (Highlander) ពាក់ស្លាកលេខភ្នំពេញ​ 2AL-9046 បើកបរតាមផ្លូវឧកញ៉ាម៉ុង​ឬទ្ធី​(ផ្លូវ១៩២៨) យ៉ាងលឿន​ រេចង្កូតចុះឡើងៗ​ពេញផ្លូវ​ ទំនងជាអ្នកបើកបរស្រវឹងស្រា​ លុះមកដល់ចំណុចកើតហេតុ​ស្រាប់តែមានរថយន្ត ​Ford Ranger មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​ 2AZ-8969 បានធ្វើដំណើរតាមផ្លូវ​ហាណូយ​ ក្នុងទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿនល្មម​ បានជ្រុលទៅបុក​រថយន្ត Highlander ខាងស្ដាំផ្នែកខាងក្រោយ​ បណ្ដាលឲ្យ​វិលមួយជុំ​​ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ​ គ្រាន់តែម្ចាស់រថយន្តទាំងសងខាង​ បានចុះដោះស្រាយគ្នាដែរ​ តែមិនត្រូវ​គ្នាទេ​ ព្រោះការ​ចរចារ​ដោះស្រាយគ្នានោះ​ ម្ខាងៗ​ប្រកែកយកត្រូវរៀងខ្លួន​ ។

បន្ទាប់ពីកើតហេតុ​ ភាគីទាំងសងខាង​ បានប្រកែកគ្នា​រកត្រូវរៀងខ្លួន​ ដោះស្រាយគ្នាមិនចេញ​ ទើបសមត្ថកិច្ចមូលដ្ឋាន​ ចរាចរ​ខណ្ឌសែនសុខ​ បាននាំអ្នកបើកបរ​រថយន្ត​ Highlander ទំនងជាស្រវឹងស្រា​ ទៅផ្លុំជាតិ​អាកុល​ និងយករថយន្តទាំងពីរគ្រឿង​ យកទៅ​រក្សាទុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋានខណ្ឌសែន​សុខ​ ​រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕​ ជ្រោយពេជ្រ


ចែករំលែក៖