ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់និស្សិត និងសិក្ខាកាមនៃបណ្ឌិត្យសភានគរបាលកម្ពុជាជាង១ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

និស្សិត និងសិក្ខាកាមជាមន្ត្រីនគរបាលដែលបាន
ទទួលបានសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះ
រួមមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៨០នាក់ នារី ០៧នាក់, បរិញ្ញាបត្រ ចំនួន ៣១៩នាក់ នារី៤០នាក់, សិក្ខាកាមថ្នាក់វិញ្ញាបនបត្រ ចំនួន ៩៦៦នាក់ នារី៥៥នាក់។

សម្តេចតេជោ ហ៊ុន សែន ពិតជាមានក្តីរីករាយ
ក្រៃលែង ដែលបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត និងសិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជានាព្រឹកនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងអបអរសារដល់និស្សិត និងសិក្ខាកាមជ័យលាភីនគរបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងហ្វឹកហាត់ រហូតទទួលបានជោគជ័យនាពេលនេះ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំនៃបណ្ឌិត្យ
សភានគរបាលកម្ពុជា ដែលបានខិតខំបណ្តុះ
បណ្តាលនិស្សិត និងសិក្ខាកាមដែលជាមន្ត្រីនគរបាលរបស់យើង អោយទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់មក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទនភាព ចំពោះភាពរីកចម្រើននៃវិស័យអប់រំដល់មន្ត្រីនគរបាលជាតិ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារសេចក្តីសុខសុវត្តិភាព របស់ប្រពលរដ្ឋ និងប្រទេសជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានជំរុញអោយក្រសួងមហាផ្ទៃ ជាពិសេសបណ្ឌិត្យសភានគរបាលកម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងជាបន្តទៀតក្នុងការបណ្តុះបណ្តាលមន្ត្រីនគរបាលលើជំនាញផ្សេងៗជាច្រើនទៀតដែលមិនធ្លាប់បណ្តុះបណ្តាលពីមុនមកនោះ ដើម្បីពង្រឹងសមត្ថភាពអោយកាន់តែខ្លាំងក្លាបន្ថែមទៀត។

នៅថ្ងៃនេះ តបតាមការស្នើសុំពីនាយកនៃបណ្ឌិត្យសភានគរបាលកម្ពុជា ទាក់ទងនឹងកាស្នើសុំអគារសំរាប់ហ្វឹកហ្វឺនមន្ត្រីនគរបាលនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសជួយកសាងអគារ៥ជាន់ ផ្នែកហ្វឹកហ្វឺន និងស្នាក់នៅ ដល់និស្សិត និងសិក្ខាកាមនៅបណ្ឌិត្យសភានគរបាលកម្ពុជានេះ ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាល មន្ត្រីនគរបាលយើងអោយមានចំណេះ ជំនាញអោយកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។ ក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាន៍ទាក់ទងទៅនឹងការងារសំខាន់ៗរបស់ក្រសួងមហាផ្ទៃ ដែលជាក្រសួងមួយដែលទទួលបន្ទុកលើកិច្ចការងារជាច្រើនក្នុងកិច្ចការបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើង។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ដែលបានជូនពរថ្ងៃខួបកំណើតពិតរបស់សម្តេចនាថ្ងៃនះ។ ហើយនៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ពីប្រវត្តិថ្ងៃកំណើតពិត និងថ្ងៃកំណើតផ្លូវការរបស់សម្តេច ដោយសម្តេចបានមានប្រសាសន៍
បញ្ជាក់ថា ថ្ងៃកំណើតពិតរបស់សម្តេចគឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ រីឯថ្ងៃកំណើតផ្លូវការដែលដាក់ក្នុងបញ្ជើជាតិនោះ គឺនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកឱកាសនេះ អរគុណ និងកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់ដែលបានយកចិត្តទុកដាក់ ការពារសុវត្តិភាពដល់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិបានយ៉ាងល្អប្រសើរ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អោយនិស្សិត និងសិក្ខាកាមមន្ត្រីនគរបាលដែលទទួលជ័យលាភីនាថ្ងៃនេះ ត្រូវយកចំណេះវិជ្ជាទាំងអស់នេះ ទៅអនុវត្តអោយបានខ្ជាប់ខ្ជួន និងល្អប្រសើរដើម្បីបំរើសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិយើង។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានជូនពរដល់និស្សិត និងសិក្ខាកាមជ័យលាភីទាំងអស់ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបាននូវភាពជោគជ័យក្នុងការសិក្សា និងការហ្វឹកហ្វឺនការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិត និងសិក្ខាកាមនៃបណ្ឌិត្យសភានគរបាលកម្ពុជា និងបានថតរូបទុកជាអនុស្សាវរីយ៍ ក្នុងបរិយាកាសរីករាយ និងស្និទស្នាលក្រៃលែង៕


ចែករំលែក៖