ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២ក្រុម ផឹកស៊ីស្រវឹងរៀងខ្លួន វាយគ្នាផ្អើលក្លឹបកម្សាន្តយីហោ «ប៊្លូទ្បាញ»

ចែករំលែក៖

ភ្នំពេញ៖ មានករណីក្មេងស្ទាវ២ក្រុម បាននាំគ្នាផឹកស៊ីក្នុងក្លឹបកម្សាន្តយីហោ «ប៊្លូទ្បាញ» លុះពេលស្រវឹងរៀងៗខ្លួន ចេញមកក្រៅ បានឌឺដងដាក់គ្នា រហូតឈានទៅដល់ការប្រើអំពើហិង្សា វាយតបគ្នាផ្អើលពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះទៅជួយធ្វើអន្តរាគមន៍តែក្រុមក្មេងស្ទាវទាំងនោះនាំគ្នាគេចខ្លួនបាត់អស់ ។

ករណីក្មេងស្ទាវបង្កហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្លឹបកម្សាន្តយីហោ «ប៊្លូទ្បាញ» លើផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងជំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ភាគីក្មេងស្ទាវទាំង២ក្រុមខាងលើនេះ ម្ខាងមានគ្នា៤ទៅ៥នាក់ បានឈ្លោះគ្នាតាំងពីក្នុងក្លឹបមកដោយពួកគេសុទ្ធតែជាអ្នកស្រវឹងរៀងៗខ្លួន លុះពេលចេញមកក្រៅក៏ទាស់សម្តីគ្នារហូតឈានដល់ប្រើហិង្សាដាក់គ្នា ដេញតាមវាយគ្នាពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកដំណើររាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ។

ប្រភពបន្តថា ក្រោយកើតហេតុគេឃើញកម្លាំងនគរបាលខណ្ឌមានជ័យបានចុះមកដល់កន្លែងកើតហេតុ បានត្រឹមតែឈរមើលមុខក្លឹបប៉ុណ្ណោះព្រោះក្រុមក្មេងស្ទាវទាំងនោះនាំគ្នាជិះគេចខ្លួនបាត់អស់ ។

គួរបញ្ចាក់ផងដែរថា យោងតាមសម្តីពលរដ្ឋដែលរស់នៅក្បែរក្លឹបកម្សាន្តយីហោ «ប៊្លូទ្បាញ»នេះថា ក្លឹបកម្សាន្តមួយនេះភាគច្រើន តែងតែមានរឿងរាល់ថ្ងៃពេលភ្ញៀវស្រវឹងចេញពីផឹកស៊ីម្ដងៗ បានស្រែកទ្បូទ្បា ផ្អើលគេផ្អើលឯង ធ្វើឲ្យពួកគាត់ភ្ញាក់ពីដំណេកទាំងកណ្ដាលអាធ្រាត្រផងដែរ ។ ដូច្នេះពួកគាត់សំណូមពរដល់អាជ្ញាធរខណ្ឌមានជ័យមេត្តាចុះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់ក្លឹបផងកុំឲ្យបំពងសំឡេងខ្លាំងៗ ព្រោះប៉ះពាល់ដល់ការដេកពួនរបស់ពួកគាត់ណាស់ ៕ភារ៉ា ដង្កោ


ចែករំលែក៖