ខេត្តស្វាយរៀង៖ អ្នកភូមិក៏ដូចជាម្ចាស់ហាងលកគុយទាវនាំគ្នាភ័យព្រលឹងចុងសក់គ្រប់ៗគ្នា សំណាងមិនមានអ្នករងគ្រោះអាយុជីវិត ខណៈដែលមានរថយន្តមួយគ្រឿងម៉ាក ហ្វ៊ុយសូ ធុនធំបើកដល់ផ្លូវបំបែកជាបួន រួចប្រើប្រាស់ល្បឿនលឿនបត់ស្ដាំ ខ្វះប្រុងប្រយត្ន័ជ្រុលចង្កូតទៅមុខបុកមុខហាងលក់ទូរសព្ទ័កាលពីវេលាម៉ោងប្រមាណជាង១២ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ្វុយសូ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះស៊ីហនុ ៣A៣៨៧៣ បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ ក្នុងទិសដៅពីជើងមកត្បួង លុះមកដល់ផ្លូវបំបែកជាបួន រួចក៏បានបត់ស្ដាំប្រើប្រាស់ល្បឿនលឿន ខ្វះប្រុងប្រយត្ន័ ស្រាប់តែជ្រុលចង្កូតទៅមុខបុកនឹងហាងលក់ទូរសព្ទ័មួយគ្រឿង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងភ្ញៀវក្នុងហាងលក់គុយទាវ ក្បែរនោះម្នាក់ៗ ភ័យព្រលឹងចុងសក់ ខណៈនៅចម្ងាយប្រមាណ៥ម៉ែត្រប៉ុណ្ណោះ ។
ក្រោយមក អ្នកបើករថយន្តអាយុប្រមាណជាង២០ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់នាពេលក្រោយ ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ដោយគ្រាន់តែខូចខាតសង្ក័សី មុខហាងលក់ទូរសព្ទ័ប៉ុណ្ណោះ ៕ យឹម សុថាន