ភ្នំពេញ៖ លោកអ៊ុំម្នាក់ មានវ័យ៦៨ឆ្នាំហើយ មិនព្រមទៅវត្តសុំសីល បែរជាមកធ្វើបាបដើរលួចម៉ូតូប្រជាពលរដ្ឋត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរបស់គាត់បានលួចម៉ូតូ នៅចំណុចរបងវត្តពិភទ្ទរង្សី ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥ និង៣០នាទីល្ងាច ។
ជនសង្ស័យឈ្មោះ កុ ថៃ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិទូលសង្កែ សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះហេង ថូ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូស្នាក់នៅផ្ទះជួលលេខ៣ ផ្លូវលំ ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន៖ ដែកលួសសរសៃចំនួន២ សម្រាប់ឆ្គឹះមេសោ (ជារបស់ជនសង្ស័យ) ; ចង្កឹះសោមួយចង្កោម (ជារបស់ជនសង្ស័យ) ; ទូរស័ព្ទដៃមួយគ្រឿងម៉ាក ណូគា ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ) ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង៥ និង៣០នាទីល្ងាច ជនរងគ្រោះឈ្មោះ ហេង ថូភេទប្រុស អាយុ ៣៩ឆ្នាំ បានដាក់ម៉ូតូម៉ាកហុងដាវេវ១០០ ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ១R.៨៩៤០ លេខតួ ០១៣៩៤៩ លេខម៉ាស៊ីន០៥១៣៩៤៩ នៅចំណុចជួសជុលម៉ូតូរបងវត្តពិភទ្ទរង្សី ផ្លូវ៤៧ ភូមិ១៥សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលនោះជនសង្ស័យឈ្មោះ កុ ថៃ ភេទប្រុស អាយុ៦៨ឆ្នាំ បានឈរក្បែរម៉ូតូខាងលើ ពេលបាត់ម៉ូតូក៏បាត់ជនសង្ស័យជាមួយគ្នា ។
ភ្លាមនោះជនរងគ្រោះ ពុំបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចទេ ដោយជាប់រវល់តាមរកជនសង្ស័យ និងម៉ូតូ លុះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩វេលាម៉ោង២ និង៣០នាទីរសៀល ជនរងគ្រោះបានឃើញជនសង្ស័យឈ្មោះ កុ ថៃ នៅចំណតរថយន្តខាងជើងផ្សារធំថ្មី សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ឃាត់ខ្លួន យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក សាកសួរ និងដាក់ពាក្យបណ្តឹងតែម្តង ។
ក្រោយពីសាកសួរ ជនសង្ស័យឈ្មោះ កុ ថៃ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូខាងលើប្រាកដមែន ទើបសមត្ថកិច្ចបញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕ស រស្មី