ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនយោងតាមដីកា របស់លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធ័ករណីរំលោភលើទំនុកចិត្ត កាលពីកំឡុងឆ្នាំ២០០៣ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២១ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានឲ្យដឹងថាកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ រស់ ម៉េងថាយ ភេទប្រុស អាយុ៦១ឆ្នាំ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ តាមដីកា លេខ៥៧១ដ.ច.ន ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ របស់លោកសេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធ័ករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខកាលពីកំឡុងឆ្នាំ២០០៣ ៕ តុង សីហា